តារាស្រីខ្ញីចាស់ ៤ រូប ដើរតួប៉ះគ្នាជាមួយតួប្រុសអាយុតិច សម្តែងសមហើយធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង
តួឯកស្រីជួរមុខប្រចាំប្រទេសថៃ ៤ រូប មាន Aum, Anne, Nune និង Aff កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រពេញចិត្តជាខ្លាំងក្នុងការសម្ដែងរបស់ពួកនាង ជាពិសេសនៅពេលពួកនាងសម្ដែងប៉ះគ្នាជាមួយតួឯកប្រុសដែលមានអាយុតិចជាងខ្លួន ដែលនេះជារសជាតិថ្មីមួយក្នុងវិស័យសម្តែង។
ទន្ទឹមនឹងការសម្ដែងដែលមើលទៅស៊ីចង្វាក់គ្នានេះ ក៏បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថាពួកគេស័ក្ដិសមជាគូស្នេហ៍នឹងគ្នាក្នុងជីវិតពិតថែមទៀតផង។ តស់! ឥលូវមកដឹងពីតារាស្រី ៤ រូប ដែលសម្ដែងប៉ះគ្នាជាមួយតួប្រុសអាយុតិច ដែលបានធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ៖
១. Aum Patcharapa និង Mike Tongraya
សម្រាប់ Aum និង Mike ជាការសម្ដែងរួមគ្នាលើកដំបូង ក្នុងរឿង «Jark Sadtroo Soo Huajai» ចំណងជើងជាភាសាខ្មែរថា «សត្រូវបេះដូង» កាលពីឆ្នាំ ២០២០ ជារឿងភាគរបស់ទូរសស្សន៍ប៉ុស្ដិ៍លេខ ៧។ ក្នុងនោះដែរ សម្រាប់រឿងមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងមានមហាជនជាច្រើនចង់ឃើញអ្នកទាំងពីរត្រឡប់មកសម្ដែងជាមួយគ្នាម្ដងទៀត។
២. Anne Thongprasom និង James Jirayu
ជាតារាសម្ដែង និង អ្នកដឹកនាំម្នាក់សម្រាប់តារាសម្ដែងស្រី Anne ជាលើកដំបូងដែលសម្ដែងជាមួយតួឯកប្រុស James Jirayu ដែលមានអាយុតិចជាងខ្លួន ដែលសាច់រឿងមួយនេះធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរសម្រាប់ការសម្ដែងរបស់អ្នកទាំងពីរជាខ្លាំង។ លើសពីនេះអ្នកគាំទ្រក៏សង្ឃឹមថា តារាស្រី Anne នឹងសម្ដែងជាមួយ James Jirayu ម្ដងទៀត ក្នុងរឿងដែល Anne ជាអ្នកដឹកនាំ។
៣. Nune Woranut និង Joss Wayar
សម្រាប់តារាសម្ដែង Nune និង Joss Wayar ទទួលបានការគាំទ្រជាខ្លាំង ក្រោយសម្ដែងរួមគ្នាក្នុងរឿង «Game Rak Ao Keun» ចំណងជើងជាភាសាខ្មែរថា «ល្បែងស្នេហ៍សងសឹក» កាលពីឆ្នាំ ២០២០ ហើយខណៈពេលរឿងនេះកំពុងចាក់បញ្ចាំង ឃើញថាសន្ទុះនៃការគាំទ្រពិតជាមិនធម្មតាឡើយ។
តាមរយៈរឿងក៏មានការលើកសរសើរមិនដាច់ពីមាត់ក្នុងការសម្ដែងរបស់តារាស្រី Nune និង Joss Wayar ដែលជាតារាសម្ដែងប្រុសថ្មីមួយរូប។ ក្នុងនោះដែរ Nune Woranut និង Joss Wayar បានត្រឡប់មកសម្ដែងជាមួយគ្នាម្ដងទៀត កាលពីឆ្នាំ ២០២៣ កន្លងទៅ។
៤. Aff Taksaorn និង Nonkul
គ្រាន់តែប្រកាសថា Aff Taksaorn និង Nonkul នឹងចាប់ដៃគូសម្ដែងក្នុងរឿងតែមួយ មហាជនអ្នកគាំទ្រតារាសម្ដែងប្រុសស្រីទាំងពីររូបនេះទន្ទឹងរង់ចាំមើលបាត់ទៅហើយ។ ក្រោយបង្ហាញពីសាច់រឿងខ្លះៗ ក៏កាន់តែធ្វើឱ្យអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំង។ លើសពីនេះ អ្នកគាំទ្រកាន់តែរីករាយជាមួយ Nonkul និង Aff ថែមទៀត ក្រោយអ្នកទាំងពីរប្រកាសដំណឹងថាកំពុងតែសិក្សាមើលចិត្តគ្នាទៅវិញទៅមក៕