ជិត ១០ ឆ្នាំហើយ ចេន អស់ភាពអត់ធ្មត់ រៀបរាប់ទង្វើដែលខ្លួនជួបប្រទះសឹងដដែលៗនៅពេលច្រៀងលើឆាកម្ដងៗ
តារាចម្រៀង Original Song គឺលោក ចេន ដែលប្រិយមិត្តបានស្គាល់ ជាពិសេសតាមរយៈបទចម្រៀងមនោសញ្ចេតនា និង ទឹកដមដ៏ពីរោះ ដែលស្រទាប់យុវ័យពេញចិត្តសឹងគ្រប់បទចម្រៀងរបស់លោក។
យ៉ាងណាមិញ កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លទៅ តារាចម្រៀងប្រុស ចេន បានបង្ហោះសារមួយយ៉ាងវែងរៀបរាប់ពីអាជីពជាតារាចម្រៀងជិត ១០ ឆ្នាំ ដែលខ្លួនព្យាយាមអត់ធ្មត់យ៉ាងខ្លាំង ពេលឡើងច្រៀងនៅលើឆាក Concert ម្តងៗ។ ក្នុងនោះដែរ ចេន ក៏បានចោទជាសំណួរសួរថា ៖ «តើពេលណាបានបងៗ Control Sound លើឆាក Concert ឈប់ធ្វើបាបអ្នកចម្រៀង និង តន្រ្តីករ?»។ ចេន ក៏បាននិយាយបន្ថែមពីលើសំណួរដែលខ្លួនសួរ ដោយបានរៀបរាប់ថា ៖ «ធ្វើស៊ីលើឆាកដោយមិនបើក Monitor ឱ្យគ្នា មិនឮនេះ មិនឮនោះ ស្តាប់ខ្លួនឯងមិនឮ តែពេលឆែកសោនសម្រេចគ្នាហើយ តែពេល Live លក់មុខគ្នាតែម្តង»។
តារាចម្រៀងប្រុស ចេន ក៏បានបន្តនិយាយទៀតថា ៖ «គេជួលបងមកសម្រាប់ជួយជំរុញសិល្បករ និង ការប្រគំតន្រ្តីច្រៀងឱ្យបានពីរោះជូនអ្នកគាំទ្រ ហេតុអ្វីមិនជួយឱ្យការប្រគំ និង ច្រៀងបានពីរោះទៅ?» «សុំបន្ថែមបន្ថយមិនចង់ធ្វើឱ្យ តឹងចិត្តណាស់ កិត្តិយសពួកខ្ញុំស្ថិតលើដៃបងរុញចុះរុញឡើងនឹងហើយ» ចុងក្រោយ ចេន ក៏បានសុំថ្នាក់លើនៃកម្មវិធីនីមួយៗ ឱ្យមានការត្រួតពិនិត្យឡើងវិញផងចំពោះទង្វើបែបនេះផង៕