អ្នកគាំទ្រខឹងឆេវ ហើយសុំឱ្យ Wu Chun លុបចោល ក្រោយហៅកូនស្រីអាយុ ១៣ ឆ្នាំថាប្រពន្ធទី ២
កន្លងមកតារាសម្ដែង និង ចម្រៀងប្រុសតៃវ៉ាន់ Wu Chun ដែលត្រូវគេស្គាល់ថាជាមេគ្រួសារដ៏គំរូ និង ឪពុកល្អរបស់កូនប្រុសស្រីទាំង ២ នាក់របស់លោក ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមបានផ្ទុះការភ្ញាក់ផ្អើលឡើងកម្តៅជាខ្លាំង ដោយសារតែការនិយាយមិនសមរម្យរបស់លោក ទៅកាន់កូនស្រីអាយុ ១៣ ឆ្នាំ មានឈ្មោះថា Nei Nei។
បញ្ហាចម្រូងចម្រាសនេះគឺបានកើតឡើង ខណៈពេលដែលតារាប្រុសរូបនេះបានបង្ហោះរូបថតដើរលេងលក្ខណៈគ្រួសារនៅទីក្រុងឌូបៃ បង្ហោះនៅលើ Weibo ផ្ទាល់របស់លោក។ ភ្លាមនោះ អ្នកនិយមលេងក្នុងបណ្តាញសង្គមរបស់លោក បានចូលមកបញ្ចេញមតិកោតសរសើរពីប្រពន្ធរបស់លោក គឺអ្នកនាង Lin Liying ហើយក៏បានសរសើរកូនស្រីថា ស្រស់ស្អាត ផងដែរ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទាំងនោះ នឹកស្មានមិនដល់គឺ Wu Chun បានឆ្លើយតបនៅក្នុងការបញ្ចេញមតិថា៖ «ប្រពន្ធទីមួយ និង ប្រពន្ធទីពីរ»។ ដោយសារតែបែបនេះហើយ ទើបធ្វើឱ្យមានការបញ្ចេញមតិបន្តបន្ទាប់យ៉ាងក្តៅគគុកថា លោកប្រើពាក្យមិនសមរម្យដាក់កូនស្រី និងបានស្នើសុំឱ្យលោកលុបចោលជាបន្ទាន់។
យ៉ាងណាមិញ បន្ទាប់ពីមានការបញ្ចេញមតិយ៉ាងក្តៅគគុក ស្នើសុំឱ្យតារាប្រុសលុបនោះ ទោះជាលោកមានចេតនា ឬ អចេតនាក៏ដោយ តែមហាជនភាគច្រើនបានសង្កត់ធ្ងន់ថា លោកមិនគួរប្រើពាក្យដាក់កូនស្រីឡើយ។ ហើយមិនយូរប៉ុន្មាន តារាប្រុសរូបនេះ ក៏បានលុបចោលតាមការស្នើសុំរបស់អ្នកគាំទ្រនៅលើ Weibo៕