តារាហុងកុង Chun Wong រងការរិះគន់ដូចព្យុះ រឿងលួចបង្កាត់ភ្លើងស្នេហ៍នឹងស្រីក្មេង លែងខ្វល់ប្រពន្ធកូន
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងហុងកុងជើងចាស់ Chun Wong ត្រូវបានរងការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាក្រៅអេតាស៊ីវិលជាមួយនឹងនារីវ័យក្មេងមានវ័យ ២០ឆ្នាំ លែងខ្វល់ខ្វាយនឹងប្រពន្ធកូនរបស់លោក។
ព័ត៌មានលួចលាក់បង្កាត់ភ្លើងស្នេហ៍របស់តារាជើងចាស់វ័យ ៧៦ ឆ្នាំរូបនេះ ជាមួយនឹងនារីវ័យក្មេង កំពុងក្លាយដំណឹងដ៏ក្តៅគគុកប៉ះពាល់ដល់អារម្មណ៍មហាជនជាច្រើន ដែលបានស្គាល់រូបលោក ដោយសារតែភាពមិនស្មោះត្រង់ជាមួយនឹងគ្រួសារ អំឡុងពេលធ្វើបទសម្ភាសនាពេលថ្មីៗនេះ។
បើតាមការនិយាយក្នុងបទសម្ភាស តារាជើងចាស់រូបនេះ បាននិយាយថា គាត់ស្គាល់ Mary (គូស្នេហ៍វ័យក្មេង) តាំងពីលោកមានអាយុ ៥០ឆ្នាំ។ ដំបូងឡើយ លោកចាប់អារម្មណ៍លើនាងហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជិតស្និទ្ធនឹងគ្នា ខណៈដែលទំនេរគាត់ជួយនាងរាល់កិច្ចការផ្ទះ ដូចជា ធ្វើម្ហូប និង បោកគក់ជាដើម។
យ៉ាងណាមិញ បើតាមការនិយាយរៀបរាប់របស់លោក ហាក់ដូចជាចង់និយាយថា នាងមិនមែនស្រឡាញ់លោកលើសម្ភារនិយម ប៉ុន្តែអ្នកទាំងពីរមានក្តីស្រឡាញ់ចេញពីចិត្ត។
បើទោះជាមានការនិយាយបកស្រាយជាសាធារណៈក៏ដោយ ក៏តារាប្រុសរូបនេះនៅតែរងការរិះគន់ចំពោះទង្វើដែលគិតតែពីខ្លួនឯង និង ប្រព្រឹត្តទង្វើមិនល្អលើកូនៗរបស់លោក ហើយបច្ចុប្បន្នលោកបានសម្រេចចិត្តចុះចោលគ្រួសាររស់នៅជាមួយនឹងស្រីក្មេងក្រៅផ្ទះ៕