ធ្លាប់តាមដានដាច់បាយដាច់ទឹក! តួនាង ចាំងគីម ពេលនេះវិលមកសម្ដែងម្តងទៀតក្នុងវ័យ ៥៣ ឆ្នាំ
បើរំឭកដល់រឿងកូរ៉េបុរាណកាលពីជាង ១០ ឆ្នាំមុនដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ មហាជនច្បាស់ជាចាំជាក់ជាពុំខានរឿង «ជីវិតនាងចាំងគីម» ដែលជារឿងមួយបានបង្ហាញពីជីវិតដ៏លំបាករបស់នាង ចាំងគីម ដែលជាអ្នកធ្វើម្ហូបនៅក្នុងវាំង រួមនឹងល្បិចកលចាក់ស្រេះនៅក្នុងរឿងនាំឱ្យមហាជនតាមដានសាច់រឿងស្ទើរតែដាច់បាយដាច់ទឹក ព្រោះថាទេពកោសល្យតួសម្ដែងនីមួយៗគឺល្អសឹងតែឥតខ្ចោះ ជាពិសេសតួអង្គឯកនាង ដេចាំងគីម នេះតែម្តង។
ជាមួយនឹងសាច់រឿងនោះ សម្រាប់តួឯកស្រី នាង ដេចាំងគីម គឺសម្ដែងដោយតារាស្រីកូរ៉េដ៏មានទេពកោលស្យ នាង Lee Young -ae (លីយ៉ុង អេ) ដែលបច្ចុប្បន្នតារាស្រីរូបនេះមានអាយុ ៥៣ ឆ្នាំហើយ និង មានគ្រួសារ មានកូនចំនួន ២ នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលកូនទាំងពីរជាកូនភ្លោះ ខណៈដែលតារាស្រីរូបនេះបានចាប់ដៃសាងគ្រួសារជាមួយនឹងស្វាមីអ្នកជំនួញកាលពីឆ្នាំ ២០០៩។
រំលងច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ តារាស្រី Lee Young -ae បានប្រកាសឱ្យដឹងថានាងនឹងវិលត្រឡប់សម្ដែងសាជាថ្មីក្នុងរឿង «ជីវិតនាងចាំងគីម» ដដែលតែជា Version ថ្មីភាគបន្ត ក្នុងតួអង្គជានាង ដេចាំងគីម ដូចដើម។ ទន្ទឹមនឹងដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់នាងរីករាយជាខ្លាំង ព្រោះថាបាត់មុខនាងយូរមកហើយក្នុងរឿងបែបបុរាណនេះ។ ដោយឡែក បើនិយាយពីសម្រស់វិញ អាយុ ៥៣ ឆ្នាំក៏ពិតមែន តែនាងមានរូបសម្ផស្សស្អាតភ្លឹង ស្បែកខ្ចីដូចបណ្ដូលចេក រីឯមុខវិញគ្មានស្នាមជ្រីវជ្រួញឡើយ នាងពិតជាពូកែថែសម្រស់ខ្លាំងណាស់ មហាជនឃើញហើយលាន់មាត់សរសើរព្រាត៕