ជាសង្សារនឹងគ្នា ១១ ឆ្នាំ Mint និង មិត្តប្រុសកូនមហាសេដ្ឋីមិនព្រមរៀបការ ដល់ថ្នាក់ឪពុកខាងប្រុសបញ្ចេញប្រតិកម្ម
អស់រយៈពេល ១១ ឆ្នាំមកហើយ ដែលតារាស្រី Mint Chalida និង អ្នកកំលោះហាយសូរលុយវាល់លាន Pupa Teachanarong បានចាប់ដៃផ្ដើមស្នេហ៍មកជាមួយគ្នា។ ជារឿយៗ គូស្នេហ៍តារាមួយគូនេះតែងតែបង្ហាញនូវភាពផ្អែមល្ហែមឱ្យគ្នាទៅវិញទៅមកលើបណ្ដាញសង្គម ហើយមហាជនជាច្រើនតែងតែបន់ឱ្យពួកគេទាំងពីរឆាប់កាន់ដៃគ្នាចូលរោងការឆាប់ៗផងដែរ។
មហាជនជាច្រើនតែងជជីកសួរនាំរឿងរៀបការទៅកាន់តារាស្រី Mint ព្រោះថាមិត្តភក្តិជំនាន់នាងស្ទើរតែរៀបការមានកូនអស់ទៅហើយ។ កន្លងមកស្រីស្រស់រូបនេះតែងបានបង្ហើបពីរឿងរៀបការថា នាងមិនទាន់គិតគូរទេព្រោះថាជាប់រវល់នឹងការងារ។ ណាមួយទៀត នៅឈ្មោះជាសង្សារបែបនេះក៏រីករាយសប្បាយចិត្តដែរ ហាក់មិនមានបញ្ហាឡើយទើបមិនចង់ទាន់គិតគូរ។
យ៉ាងណាមិញ ថ្មីៗនេះស្រីស្អាត Mint បានចូលរួមកម្មវិធីសម្ភាសមួយ សំណួរដដែលក៏បានផុសឡើងម្តងទៀតថាតើពេលណានឹងរៀបការ? ជាមួយនឹងសំណួរដ៏រសើបនេះសម្រាប់ចម្លើយ Mint ក៏នៅដដែលគឺជាប់រវល់ការងារ និង មិនទាន់ត្រៀមខ្លួនរួចរាល់ តែអ្វីដែលសំខាន់នាងបានបង្ហើបឱ្យដឹងថា មិនមែនតែអ្នកគាំទ្រទេដែលសួរនាំនាងសូម្បីតែអនាគតឪពុកក្មេកនាងក៏សួរនាំដែរថា ពេលណានឹងប្រើនាមត្រកូលរួមគ្នា មានន័យថាតើពេលណារៀបការជាប្តីប្រពន្ធ? ក្នុងនោះ សម្រាប់ Mint ក៏បានឆ្លើយដូចអ្វីដែលនាងបានតបជាមួយនឹងអ្នកគាំទ្រអ៊ីចឹង គឺរស់នៅបែបនេះសិនមិនទាន់គិតគូរឡើយ៕