តារាស្រី ៦ ដួង ប្រឡេះអាជីពសិល្បៈចោល ស្រវាបើកមុខជំនួញអនឡាញ ម្នាក់ៗកំពុងជោគជ័យខ្លាំង
ពិតណាស់ តារាក្នុងពិភពសិល្បៈជាច្រើនដួង ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ប៉ុន្តែត្រូវបានឃ្លាតឆ្ងាយពីសិល្បៈទៅវិញ បន្ទាប់ពីចូលរោងការសាងគ្រួសារ និង ងាកទៅក្ដោបក្ដាប់មុខជំនួញផ្ទាល់ខ្លួន ជាពិសេសបច្ចុប្បន្ន គឺមុខជំនួញលក់ផលិតផលតាមអនឡាញ។
បើចាប់អារម្មណ៍ពីអតីតតារាស្រីខ្មែរល្បីៗ ៦ ដួង បានទម្លាក់អាជីពសិល្បៈទាំងស្រុង ងាកទៅវាយលុកលើមុខជំនួញជាអ្នកលក់ផលិតផលតាមអនឡាញ ដែលកំពុងតែទទួលបានជោគជ័យកាក់កបខ្លាំងរហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនហូរហៀររស់នៅយ៉ាងហាយសូរ និង មានក្ដីសុខបំផុតជាមួយគ្រួសារ។
១. ហង្ស ម៉ារីនី
អ្នកនាង ហង្ស ម៉ារីនី ជាអតីត Freshie girl និង តារាសម្ដែងដ៏មានប្រជាប្រិយភាពខ្លាំងនៅចុងឆ្នាំ ២០១៥ ជាមួយនឹងទេពកោលស្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្ត ដោយក្ដោបបានតំណែងតួឯកស្រីក្នុងភាពយន្តជាច្រើនជាបន្តបន្ទាប់ ព្រមទាំងលេចមុខក្នុង MV បទចម្រៀងជាច្រើន និង មានការថតសម្អាងការផងដែរ។ មកដល់ឆ្នាំ ២០១៨ ស្របពេលដែលអតីតតារាស្រីរូបនេះ បានសម្រេចចិត្តសាងគ្រួសារជាមួយស្វាមីឈ្មោះ ភូ កែវសម្បត្តិ រួចមក អាជីពសិល្បៈរបស់នាងត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង។ នៅប៉ុន្មានឆ្នាំចុងក្រោយបន្ទាប់ពីសាងគ្រួសារ អតីតតារាស្រីរូបនេះបានចាប់ផ្ដើមសម្រុកខ្លាំងលើអាជីពជាអ្នកលក់ផលិតផលអនឡាញ ព្រមទាំងបានបើកហាងលក់ផលិតផលថែរក្សាសម្រស់ម៉ាក់ល្បីពីប្រទេសកូរ៉េ ដែលបច្ចុប្បន្នរូបនាងកាន់តែជោគជ័យខ្លាំង និង មានជីវិតរស់នៅយ៉ាងមានក្ដីសុខ និង ហាយសូរជាមួយគ្រួសារ។
២. បេនី យ៉ាំង
អតីតតារាសម្ដែងស្រី បេនី យ៉ាំង ដែលជាប់ងារជាតារាស្រីសិចស៊ីខ្លាំង មានរាងតូចស្រឡូនស្អាត សាច់សខ្ចី មានឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈក្នុងអំឡុងឆ្នាំ ២០១៥ ដែលជាតារាសម្ដែងខ្សែភាពយន្ត ថត MV បទច្រៀងជាមួយតារាចម្រៀងល្បីៗជាច្រើន ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងការបញ្ចេញរូបភាពរំលេចដោយភាពសិចស៊ីរបស់នាង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងស្រីរូបនេះ ហាក់មិនបានចេញមុខក្នុងពិភពសិល្បៈទៀតឡើយ ដែលរូបនាងបានក្ដោបក្ដាប់មុខជំនួញធំៗជាច្រើនក្នុងដៃ និង ជាអ្នកលក់ផលិតផលអនឡាញដែលកាក់កបខ្លាំង បច្ចុប្បន្នកំពុងតែមានជីវិតរស់នៅយ៉ាងសោយសុខ មានទ្រព្យសម្បត្តិកប់ពពក ដែលតែងបង្ហាញឡានទំនើបៗ រស់នៅផ្ទះវីឡាធំស្កឹមស្កៃ។
៣. គឹម លីហ្សា
អ្នកនាង គឹម លីហ្សា ជាអតីតតារាសម្ដែងស្រី ដែលបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ ជាមួយនឹងការសម្ដែងភាពយន្តខ្មែរ និង MV បទចម្រៀងជាច្រើនឆ្នាំ ប៉ុន្តែអ្នកនាងក៏បានចាកចេញពីសិល្បៈទៅវិញបន្ទាប់ពីបានចូលរោងការជាមួយគ្រូពេទ្យអាណិកជនខ្មែរអូស្រ្តាលីនៅឆ្នាំ ២០១៣ និង បានសម្រេចចិត្តទៅសាងគ្រួសារជាមួយស្វាមីលើទឹកដីអូស្រ្តាលីតែម្ដង។ មកទល់បច្ចុប្បន្ននេះ ទោះបីបានត្រឡប់មករស់នៅលើទឹកដីកម្ពុជាវិញមែន ប៉ុន្តែក៏មិនបានឃើញអតីតារាស្រីរូបនេះ ឈានជើងចូលប្រឡូកក្នុងសិល្បៈវិញនោះដែរ ដោយអ្នកនាងបានចាប់ផ្ដើមកាន់កាប់មុខជំនួញក្នុងដៃជាច្រើន មានទាំងបើកហាងលក់ពេជ្រ ហាងលក់ផលិតផលថែរក្សាសម្រស់ លក់គ្រឿងម្ជូរក្រលុក ជាពិសេសគឺកំពុងដំណើរការយ៉ាងល្អជាមួយការលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ដែលកាន់តែធ្វើឱ្យជីវិតរបស់នាងរស់នៅយ៉ាងធូរធារខ្លាំង ព្រមទាំងបានឃើញបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយផងដែរ។
៤. វ៉ាង ស្រីណូ
បើទោះជាមិនបានវិលត្រឡប់មកកាន់វិថីសិល្បៈសម្ដែងវិញក៏ពិតមែន ប៉ុន្តែអតីតតារាសម្តែងកញ្ញា វ៉ាង ស្រីណូ ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រតែងតែចាប់ក្រសែភ្នែកចង់ដឹងពីជីវិតឯកជនរបស់កញ្ញាផងដែរ បន្ទាប់ពីមួយរយៈក្រោយនេះ វ៉ាង ស្រីណូ បានបង្ហាញវត្តមានក្នុងកម្មវិធីរបស់អ្នកសិល្បៈជាបន្តបន្ទាប់។ ក្រោយផ្តាច់ខ្លួនក្នុងការសម្តែងអស់រយៈពេលប្រមាណ ១០ ឆ្នាំ កញ្ញា វ៉ាង ស្រីណូ ក៏បានបើកមុខជំនួញផ្ទាល់ខ្លួនដោយការនាំចូលផលិតផលថែសម្រស់ និង របស់ប្រើប្រាស់ប្រ៊េនៗ ស៊េរីអភិជន ដូចជា កាបូប ស្បែកជើង ខ្សែក្រវាត់ ទឹកអប់ពីបរទេសជាដើម លក់លើទីផ្សារអនឡាញនៅកម្ពុជា។ ពេលនេះដែរ កញ្ញាកំពុងតែរស់នៅលើគំនរទ្រព្យសម្បត្តិពីញើសឈាមនៃរបររកស៊ីអនឡាញរបស់ខ្លួន ដែលត្រូវបានមហាជនឃើញថានាងបានចាយជីវិតយ៉ាងអភិជន ទិញផ្ទះវីឡាជាច្រើនខ្នង និង ឡានទំនើបជាច្រើនគ្រឿង។
៥. ដាញ់ ម៉ូនីកា
បើចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់អតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា ក្រោយពីឃ្លាតឆ្ងាយពីវិស័យសិល្បៈជាច្រើនឆ្នាំកន្លងទៅនេះ អ្នកនាងហាក់ទទួលបានក្ដីសុខយ៉ាងពេញទំហឹង ដែលបានសាងគ្រួសារជាមួយស្វាមី ទទួលបានកូនប្រុសស្រីចំនួន ២ នាក់ និង កំពុងចាយជីវិតយ៉ាងសោយសុខ ខណៈអ្នកនាង និង ស្វាមី ចាប់ដៃគ្នារកស៊ីកាន់កាប់មុខជំនួញលក់ផលិតផលតាមអនឡាញកំពុងកាក់កបខ្លាំងផងដែរ។ យ៉ាងណាមិញ មួយរយៈមុន ជីវិតគ្រួសាររបស់អតីតតារាសម្ដែងរូបនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈឃើញថាអ្នកនាងកាន់តែបង្ហាញជីវិតអភិជន មិនត្រឹមសោយសុខមានសុភមង្គលលើទឹកដីអូស្ត្រាលីនោះទេ ក៏បានឃើញអ្នកនាងបង្ហាញគម្រោងផ្ទះវីឡាថ្មីមួយយ៉ាងធំស្កឹមស្កៃនៅស្រុកខ្មែរ ព្រមទាំងថ្មីៗកន្លងទៅនេះ អ្នកនាង និង ស្វាមី បានចំណាយលុយរាប់ម៉ឺនដុល្លារបើកជំនួញនៅខ្មែរ ដែលជាហាងលក់ផលិតផលគ្រឿងសម្អាងមួយនាំចូលពីក្រៅប្រទេស។
៦. យ៉ុង ចាន់កណ្ណិកា
តារាចម្រៀង យ៉ុង ចាន់កណ្ណិកា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីកំឡុងឆ្នាំ ២០០០ នៅក្នុងផលិតកម្ម SSB ក៏ដូចជាផលិតកម្មមួយចំនួនទៀត ដែលកាលនោះបទចម្រៀងដែលរូបនាងត្រូវបានមហាជនស្គាល់ខ្លាំងគឺបទ «វាចាស្រីឡង់សេ» និង បទជាច្រើនទៀត។ មកដល់ចុងឆ្នាំ ២០១៤ យ៉ុង ចាន់កណ្ណិកា បានបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយស្វាមី និង សាងគ្រួសារយ៉ាងមានសុភមង្គល។ ជាច្រើនឆ្នាំកន្លងមកនេះ អ្នកនាងបានដកខ្លួនចេញពីសិល្បៈទាំងស្រុង ដោយមិនបានឃើញបញ្ចេញសកម្មភាពទាក់ទងនឹងសិល្បៈទៀតឡើយ ដោយបានងាកទៅចាប់មុខជំនួញបើកហាងសាឡន និង ហាងកាហ្វេ ជាពិសេសទៀតនោះ គឺបានក្លាយជាអ្នកលក់ផលិតផលអនឡាញដ៏ជោគជ័យម្នាក់ កំពុងរស់នៅយ៉ាងសោយសុខជាមួយគ្រួសារ៕