តាមពិត Noey Chotika ល្បីល្បាញដូចសព្វថ្ងៃ ដោយសារ A Suppachai ប្ដូរឈ្មោះហុងស៊ុយឱ្យ
អស់រយៈពេល ៦ ឆ្នាំមកហើយដែលតារាស្រីរាងតូចច្រឡឹង Noey Chotika បានផ្អាកពីការងារសិល្បៈទៅបំពេញតួនាទីជាភរិយាល្អរបស់ស្វាមី និង ជាម្ដាយល្អរបស់កូនៗ។
ទន្ទឹមនឹងការផ្អាកពីការងារសិល្បៈនេះ គេក៏ឃើញមានមហាជនអ្នកគាំទ្រជាច្រើន ចង់ឃើញនាងវិលមកចាប់អាជីពសិល្បៈឡើងវិញ តែទោះជាយ៉ាងណាក្ដីសម្រាប់ពេលនេះនាងពុំទាន់អាចវិលមកប្រឡូកសិល្បៈវិញបាននៅឡើយទេ ព្រោះថាកូនស្រីរបស់នាងនៅតូចនៅឡើយ ហើយមួយវិញទៀត នាងកំពុងតែមើលថែមុខជំនួញដ៏មមាញឹកទៀត។
ក្រោយពីរៀបការ គេកត់សម្គាល់ឃើញថា ជីវិតរបស់តារាស្រី Noey Chotika រស់នៅពោរពេញដោយក្ដីសុខសុភមង្គលណាស់។ អ្វីដែលសំខាន់គេឃើញថាជីវិតរបស់តារាស្រីរូបនេះរស់នៅលើគំនរទ្រព្យដ៏ច្រើនស្តុកស្តម្ភមានលុយកាក់ចាយមិនចេះខ្វះឡើយ រីឯសេចក្ដីស្នេហាក៏កាន់តែផ្អែមល្ហែមឡើងរាល់ថ្ងៃ។
ដោយឡែក បើងាកទៅមើលពីជីវិតសិល្បៈរបស់នាងវិញ ទម្រាំនឹងបានល្បីឈ្មោះដូចសព្វថ្ងៃក៏មិនមែនជារឿងលេងសើចដែរ។ បើតាមការឱ្យដឹងពីអ្នកចាត់ការផ្ទាល់របស់នាង គឺ A Suppachai ដំបូងឡើយ តារាស្រី Noey មិនមែនមានឈ្មោះថា Noey ទេដំបូងឈ្មោះ Bo តែកាលនោះ ហាក់មិនមានអ្នកណាទាក់ទងការងារឡើយ រហូតធ្វើឱ្យអ្នកចាត់ការរូបនេះ ត្រូវរកវិធី ហើយនឹកឃើញប្តូរឈ្មោះដើម្បីលើករាសី និង ហុងស៊ុយ។ ក្រោយមក A Suppachai បានប្តូរពីឈ្មោះ Bo មកជា Noey Chotika វិញ ហើយពីពេលនោះមកគឺរាសីឡើងមានឈ្មោះបោះសំឡេងខ្លាំងដល់សព្វថ្ងៃ៕