ជំនាន់ថ្មីមិនធម្មតា! វត្តមានតារាចម្រៀងរ៉េបពន្លកថ្មី ៦ រូប កំពុងដុះផ្លែផ្កា និង មានឈ្មោះល្បីលើវិស័យរ៉េបកម្ពុជា
បច្ចុប្បន្ននេះ វិស័យចម្រៀងរ៉េបនៅក្នុងប្រទេសកម្ពុជា បាន និង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ហើយពេលនេះដែរតារាចម្រៀងរ៉េបជាច្រើនរូបក៏កំពុងតែអង្រួនវិស័យចម្រៀងមួយនេះ ឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងផងដែរ។ ក្នុងនោះ មហាជនបានកត់សម្គាល់ឃើញតារាចម្រៀងរ៉េបពន្លកថ្មី ៦ រូប ដែលកំពុងបំបុកសម្រុកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យរ៉េបនេះយ៉ាងខ្លាំងខ្លា ដើម្បីឆ្ពោះទៅកាន់ក្តីស្រមៃ។ ជាមួយគ្នានេះដែរ «ប្រជាប្រិយ» សូមលើកបង្ហាញតារាចម្រៀងរ៉េបពន្លកថ្មី ៦ រូប ដែលកំពុងសាងឈ្មោះឱ្យល្បីខ្លាំង និង កំពុងបំបុកយកទីផ្សារមិនចាញ់រៀមច្បង។ តស់ មកដឹងទាំងអស់គ្នា!
១. YuuHai
YuuHai គឺជាតារាចម្រៀងរ៉េបជំនាន់ថ្មី និង ទើបឈ្នះពានពីក្នុងកម្មវិធី «The Rapper Cambodia» រដូវកាលទី ១ ដែលពេលនេះរូបគេកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ បទចម្រៀងធ្វើឱ្យមហាជនគាំទ្រ ក៏ដូចជាច្រៀងតាមមិនដាច់ពីមាត់នោះគឺ «ចេតនា» ជាបទចម្រៀងមួយក្នុងអំឡុងពេលប្រកួតកម្មវិធីខាងលើ ហើយបទនេះមានភាពល្បីល្បាញខ្លាំងក្នុងស្រទាប់យុវវ័យណាស់ ព្រោះមិនត្រឹមតែពីរោះ តែវាស្តែងពីអត្ថន័យជីវិតថែមទៀត។
២. Goofy
ចំពោះ Goofy ក៏មិនធម្មតាដូចគ្នា តាំងពីឈានជើងចូលប្រកួតក្នុងកម្មវិធី «The Rapper Cambodia» រដូវកាលទី ១ មក សន្ទុះនៃការគាំទ្រកាន់តែផុសផុលឡើងៗជាលំដាប់ ហើយបើទោះមិនបានឈ្នះពានក្តី ប៉ុន្តែ Goofy ដែលជាបេក្ខភាព TOP 3 នៃវគ្គផ្ដាច់ព្រ័ត្រ ធ្វើបានយ៉ាងល្អក្នុងចិត្តអ្នកគាំទ្រ។ សម្រាប់បទចម្រៀងរបស់ Rapper រូបនេះ ដែលបានបំបុកទីផ្សារចម្រៀងរ៉េបឱ្យកាន់តែផ្ទុះល្បីនោះ គឺបទ «Goofy» ដែលជាចម្រៀងមួយបទបានរៀបរាប់បង្ហាញពីឆន្ទៈ និង ការតស៊ូរបស់រូបគេក្នុងវិស័យរ៉េបនេះ។
៣. ទេព ពិសិដ្ឋ
តារាចម្រៀង ទេព ពិសិដ្ឋ ចាប់ផ្ដើមពីការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី ២ ក្រោយក្លាយជាម្ចាស់ពាននៃកម្មវិធីមួយនេះ ទេព ពិសិដ្ឋ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពនៃការតែងនិពន្ធ និង រ៉េបរបស់គេនៅក្នុងបទ «20’OUTNOW» ដែលមួយបទនេះធ្វើឱ្យ ទេព ពិសិដ្ឋ បំបុកទីផ្សារក្នុងវិស័យចម្រៀងរ៉េបនេះបានយ៉ាងស៊ីផុយ ហើយក្រោយពីបទចម្រៀងនេះ ទេព ពិសិដ្ឋ តារារ៉េបពន្លកថ្មីក៏បានបញ្ចេញបទចម្រៀងរ៉េបផ្សេងៗជាបន្តបន្ទាប់ទៀតសុទ្ធសឹងតែទទួលបានការគាំទ្រ។
៤. សុវត្ថិ មុន្នីវណ្ណ
បើនិយាយពីកូនប្រុសច្បងរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ មុន្នីវណ្ណ វិញ ក៏មានមួយកញ្ចប់ដែរ ទាំងរូបសម្រស់ និង សមត្ថភាពច្រៀងរបស់កំលោះមុខមានស្នេហ៍រូបនេះ បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ជាពិសេសសមត្ថភាពខាងច្រៀង និង រ៉េបរបស់លោកដែលទើបបង្ហាញនាពេលកន្លងមក តាមរយៈបទ «Don’t Compare» ទៀត រឹតតែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង សរសើរចេញពីចិត្តថាពិតជាអ៊េមមែន។
៥. Nightee
ជាបេក្ខភាពមួយរូបចេញពីកម្មវិធី «The Rapper Cambodia» រដូវកាលទី ១ គ្រាន់តែឈានជើងចូលប្រកួតត្រឹមវគ្គដំបូង កំលោះតូចញញឹមស្រស់ Nightee ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីបាត់ទៅហើយ ជាមួយបទ «មានលុយច្រើនទុកសម្រាប់ធ្វើអ្វី» ដែលបានរុញច្រានឱ្យមហាជនពេញចិត្ត និង ចងចាំរូបនេះមិនភ្លេច។ ជាការពិត កំលោះតូចញញឹមស្រស់ Nightee បានប្រើសមត្ថភាពបំបុកឱ្យខ្លួនចូលដល់ Top ៧ នាក់ចុងក្រោយនៃកម្មវិធី «The Rapper Cambodia» ហើយពេលនេះរូបក៏កំពុងទទួលបានការគាំទ្រខ្លាំងផងដែរពីសំណាក់ស្រទាប់យុវវ័យ។
៦. Zedes
ចំពោះ Zedes ដែលជា Top 3 ក្នុងវគ្គចុងក្រោយ នៃកម្មវិធី «The Rapper Cambodia» រដូវកាលទី ១ ក៏មានសមត្ថភាពរ៉េបគួរឱ្យចាប់អារម្មណ៍ខ្លាំខ្លាដែរ។ ការរ៉េបរបស់ Zedes គឺពិតជា Best ខ្លាំង ជាពិសេសនៅក្នុងវគ្គដំបូងនៃកម្មវិធី ទាំងសំឡេង និង ការរ៉េបរបស់គេធ្វើឱ្យ Coach ទាំង ៤ នាក់ជ្រើសរើសរូបលោក បន្ទាប់ពីច្រៀងបទ «អ្នកណាជាអ្នកលេង»។ មកដល់ពេលនេះ រូបគេគឺជាប់ឈ្មោះជា Top 3 ដ៏ខ្លាំងម្នាក់ និង កំពុងមានកេរ្តិ៍ឈ្មោះល្បីខ្លាំងក្នុងវិស័យនេះផងដែរ៕