ទ្រាំមិនបាន! អ៊ិន លក្ខិណា តបទៅអ្នកនិយាយពីនាងក្នុងន័យឌឺដង ក្រោយឮដំណឹងចង់ចូលប្រកួត MGC 2024
មហាជនអ្នកតាមដានគាំទ្ររបស់កញ្ញា អ៊ិន លក្ខិណា បានជ្រាបហើយពីជីវិតលើវិស័យបវរកញ្ញារបស់នាង ដែលតែងបង្ហាញពីការតស៊ូចាប់យកក្ដីស្រមៃបន្តបន្ទាប់ក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗជាច្រើនកន្លងមក។
បើនិយាយពីការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia វិញ កញ្ញា អ៊ិន លក្ខិណា ធ្លាប់បានចូលរួមប្រកួត ២ ដងមកហើយ ដែលឆ្នាំ ២០២១ នាងចូលប្រកួត Miss Grand Cambodia 2021 ទទួលបានជ័យលាភីលំដាប់រងទី ១ និង ឆ្នាំ ២០២៣ នាងទទួលបានជ័យលាភីលំដាប់រងទី ២ Miss Grand Cambodia 2023។
ដោយឡែក ថ្មីៗនេះ កញ្ញា អ៊ិន លក្ខិណា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ខណៈកញ្ញាបានបង្ហើបពីបំណងចង់ចូលប្រកួត Miss Grand Cambodia ក្នុងឆ្នាំ ២០២៤ នេះម្ដងទៀត។
ស្របពេលឃើញកញ្ញា អ៊ិន លក្ខិណា ប្រកាសពីបំណងចូលរួមប្រកួតក្នុងកម្មវិធីនេះម្ដងទៀត លើបណ្ដាញសង្គមក៏បានឃើញមហាជនអ្នកគាំទ្រជាច្រើន បានបង្ហាញការគាំទ្រលើកចិត្តជំរុញពេញទំហឹងចំពោះនាង ប៉ុន្តែក្នុងនោះក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកប្រើពាក្យសម្ដីបែបឌឺដងឱ្យនាងផងដែរ។
ខណៈបានឃើញអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកនិយាយពីខ្លួនក្នុងន័យឌឺដង និង បញ្ចេញមតិវែកញែកមិនសមរម្យផ្សេងៗ ក៏បានឃើញកញ្ញា អ៊ិន លក្ខិណា ហាក់ទ្រាំមិនបាននឹងពាក្យសម្ដីទាំងនោះ ក៏បានបង្ហោះឆ្លើយតបទៅវិញថា ៖ «សួស្ដីបង សូមបងមានសីលធម៌ផងបង ហេតុអ្វីយកឈ្មោះខ្ញុំនិយាយក្នុង LIVE ហេតុអ្វីយកខ្ញុំជាប្រធានបទរបស់ផេកបង? មុខមាត់ខ្ញុំមិនសូវបាន ភាសាខ្ញុំមិនបាន តែខ្ញុំហ៊ានចូលប្រកួត ចុះបងវិញហ៊ានអត់ សូមកុំយកឈ្មោះខ្ញុំទៅនិយាយក្នុង live ឬ ក៏ផុសរូបខ្ញុំបន្ដទៀត បើនៅតែបែបនេះទៀតខ្ញុំនឹងធ្វើតាមផ្លូវច្បាប់»៕