បង្ហាញចំណងស្នេហ៍មួយរយៈ លី ម៉ារីណា និង គូស្នេហ៍ថ្មី ប្រកាសចូលរោងថ្ងៃស្អែកនេះហើយ
ពិតណាស់ ចំពោះរឿងរ៉ាវស្នេហារបស់តារាសម្ដែងស្រីដ៏ឆ្នើមអ្នកនាង លី ម៉ារីណា មួយរយៈកន្លងទៅ បានបើកបង្ហាញពីទំនាក់ទំនងបេះដូងជាមួយគូស្នេហ៍ថ្មីយ៉ាងពេញមុខពេញមាត់ ដែលអ្នកទាំងពីរតែងបណ្ដើរគ្នាទៅណាមកណាញឹកញាប់ស្ដែងពីស្នេហាដ៏ល្អូកល្អិន ត្រូវបានមិត្តភក្ដិក្នុង និង ក្រៅរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្របង្ហាញក្ដីរំភើបជំនួស ព្រោះមើលទៅអ្នកទាំងពីរពិតជាស័ក្ដិសមគ្នា ទាំងរូបសម្បត្តិ និង កិត្តិយស។
យ៉ាងណាមិញ ក្រោយពីបង្ហាញស្នេហាដ៏ល្អូកល្អិនមួយរយៈ ថ្មីៗកន្លងទៅ ក៏បានឃើញតារាស្រីរូបនេះ និង គូស្នេហ៍ បានបង្ហើបពីគម្រោងចូលរោងការជាមួយគ្នា ដែលបានឃើញដឹកដៃគ្នាថតឈុត Pre-Wedding យ៉ាងស្រស់ស្អាតផ្អែមល្ហែមផងដែរ។
ដោយឡែក មកដល់ពេលនេះ អ្នកនាង លី ម៉ារីណា និង គូស្នេហ៍ថ្មីរូបសង្ហា បានកំណត់ថ្ងៃរៀបអាពាហ៍អាពិពាហ៍ច្បាស់ហើយ ដោយបានឃើញអ្នកនាងបង្ហោះប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយរូបភាព Pre-Wedding ដែលនឹងរៀបចំកម្មវិធីមង្គលការនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ស្អែកនេះហើយ។
ក្នុងនោះ អ្នកនាង លី ម៉ារីណា បានបង្ហោះរៀបរាប់ថា ៖ «ថ្ងៃ ១២ ខែ ១ ឆ្នាំ ២០២៤ ជាថ្ងៃសិរិមង្គលអាពាហ៍ពិពាហ៍របស់យើងខ្ញុំទាំងពីរនាក់ នាងខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមទាំងអស់គ្នានៅ OCIC អាគារ C»៕