(វីដេអូ) រចនា រ៉ាវ៉ាឌី និយាយច្បាស់ៗខ្លួនអត់ទាន់មានគូ គ្មានអ្នកតាមញ៉ែដល់សព្វថ្ងៃ ព្រោះតែរឿងនេះ
តារាសម្ដែងស្រីវ័យ ២៣ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យតាមរយៈស្នាដៃសម្ដែងក្នុងខ្សែភាពយន្ដខ្មែរតូចធំជាច្រើន ដែលក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់។
លើសពីនេះ តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីជីវិតលើវិស័យសិល្បៈនោះទេ តែ រចនា រ៉ាវ៉ាឌី ក៏ត្រូវបានមហាជនអ្នកគាំទ្រតាមដានខ្លាំងពីជីវិតឯករបស់នាងដែរ ដោយនាងតែងបង្ហាញជីវិតយ៉ាងហាយសូរ ជិះឡានទំនើបៗ ប្រើរបស់ប្រ៊េន និង ដើរកម្សាន្តយ៉ាងរីករាយជាមួយនឹងជីវិតនៅលីវរបស់នាង បន្ទាប់ពីកាន់តែទទួលភាពជោគជ័យមានឈ្មោះល្បីក្នុងវិស័យសិល្បៈ។
យ៉ាងណាមិញ បើនិយាយពីរឿងរ៉ាវជីវិតស្នេហារបស់តារាស្រីរូបនេះ កន្លងមកកញ្ញាមិនធ្លាប់បើកបង្ហាញទំនាក់ទំនងស្នេហ៍ជាមួយនឹងបុរសរូបណាម្នាក់ជាសាធារណៈឡើយ ដោយគ្រាន់តែក្នុងសិល្បៈកញ្ញាធ្លាប់មានការចាប់អារម្មណ៍ផ្គូរផ្គង់ពីអ្នកគាំទ្រជាមួយនឹងតារាប្រុស ព្រីន ខណៈអ្នកទាំងពីរតែងបង្ហាញភាពស្និទ្ធស្នាលទាំងក្នុងឆាក និង ក្រៅឆាកស័ក្តិសមគ្នាខ្លាំង។
ដោយឡែក ថ្មីៗនេះ រចនា រ៉ាវ៉ាឌី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ពីរឿងស្នេហារបស់នាង ខណៈបានឃើញនិយាយក្នុងកិច្ចសម្ភាស «អ្នកជិតខាង» ដែលបានរៀបរាប់លាយឡំការលេងសើចឱ្យដឹងថា បច្ចុប្បន្នកញ្ញាមិនទាន់មានម្ចាស់បេះដូងឡើយ ព្រមទាំងបានប្រាប់ពីមូលហេតុដែលគ្មានគូ គ្មានអ្នកតាមញ៉ែសូម្បីម្នាក់មកដល់សព្វថ្ងៃ ក៏ព្រោះតែនាងល្បីរឿងស្នេហាជាមួយតារាប្រុស ព្រីន រហូតពេលទៅណាមកណាក៏គេតែងសួររកលោក ព្រីន ដែរ៕