ជីជី បញ្ជាក់ទំនាក់ទំនងប្រាកដនឹង គឿន នភាល័យ ក្រោយគេថាសម្តែងបំពុលសង្គម
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាប្រុស គឿន នភាល័យ និង ពិធីការិនី ជីជី ហាក់កំពុងផ្ទុះការចាប់អារម្មណ៍អ្នកទាំងពីរយ៉ាងខ្លាំង ក្រោយមួយរយៈក្រោយនេះមើលទៅទំនាក់ទំនងរវាងតារាប្រុសស្រីគូនេះ មានភាពស្និទ្ធស្នាលខ្លាំងលើសពីមិត្តភក្តិ។
ក្នុងនោះ មិនថាតែនៅក្នុងគណនីហ្វេសប៊ុក ឬ Tik Tok នោះទេ អ្នកគាំទ្ររមែងតែងបានឃើញ លោក គឿន នភាល័យ និង កញ្ញា ជីជី បង្ហោះរូបភាព និង វីដេអូផ្អែមល្ហែមស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង មើលទៅដូចគូស្នេហ៍។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ពិធីការិនី ជីជី ហាក់មិនសំងំនៅស្ងៀមឡើយ ក្រោយពីមានអ្នកលើកឡើងថា កញ្ញា និង លោក គឿន នភាល័យ បង្ហាញភាពផ្អែមល្ហែមហាក់ជាការសម្តែងបំពុលសង្គម។
ក្នុងនោះ ពិធីការិនីស្រស់សោភាខាងលើបានបញ្ជាក់ច្បាស់ៗថា នាង និង លោក គឿន នភាល័យ ពិតជាមានទំនាក់ទំនងលើសពីមិត្តប្រាកដមែន។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ជីជី បានរៀបរាប់ ១០ ចំណុចថា ៖ «១. ក្តីស្រឡាញ់រវាងខ្ញុំទាំងពីរវាបំពុលសង្គមត្រង់ណា ជួយឆ្លើយតិចបានទេ? ២. ថាខ្ញុំស្រីស្រឡាញ់ស្រី ដឹងច្បាស់ជាងខ្លួនខ្ញុំ និង ក្រុមគ្រួសារខ្ញុំម្ល៉េះ? ៣. ឧទាហរណ៍ បើខ្ញុំជាលេសស្បៀនមែន តែខាងប្រុសគេទទួលយកខ្ញុំបាន អ្នកទាំងអស់គ្នាឈឺចាប់មែន? ៤. សង្គមយើងមានបែកចែកឱ្យរើសអើងភេទដែរហ្ហ៎? ៥. នៅជាមួយអ្នកណាក៏បាន ឱ្យតែមានអារម្មណ៍ថាសុវត្ថិភាព និង មានក្តីសុខ។ ៦. ខ្ញុំនៅសុខ តែខ្ញុំអត់បានប៉ះពាល់អ្នកណា ឬ យកប្តីគេទេ! ៧. សុំកុំវាយតម្លៃអ្នកដទៃត្រឹមតែសំបកក្រៅ ពេលខ្លះអ្នកអាចមើលឃើញតែមួយជ្រុងនៃគេតែប៉ុននោះ។ ៨. បច្ចុប្បន្ន សំខាន់ជាងអតីតកាលដែលមិនគួរមើលរំលង។ ៩. អរគុណសម្រាប់ពាក្យជូនពរពីអ្នកទាំងអស់គ្នា! ១០. ចុងក្រោយ សូមអរគុណដល់មនុស្សប្រុសម្នាក់នេះ Norphealey Koeun អរគុណដែលស្រឡាញ់ខ្ញុំជាខ្ញុំ»។
ងាកទៅកាន់លោក គឿន នភាល័យ ឯនោះវិញ ក្រៅពីឃើញ ជីជី បង្ហោះសារយ៉ាងវែងអន្លាយនេះហើយ លោកក៏មិនបានរៀបរាប់អ្វីច្រើននោះដែរ គ្រាន់តែចែករំលែកសាររបស់កញ្ញា ជីជី និង អមនឹងពាក្យមួយឃ្លាថា ៖ «មិនអាចឃាត់ការគិតរបស់គេ សំខាន់យើងសប្បាយចិត្ត»៕