លេងមួយទំហឹងវិញ! ពេលនេះ James Jirayu លែងខ្លាចគេរិះគន់ បង្ហោះរូបគូជាមួយ Foam ជាសង្សារស្វីតខ្លាំង
តារាសម្ដែង James Jirayu បានឈានជើងចូលសិល្បៈមកជាង ១០ ឆ្នាំហើយ ព្រមទាំងបានបង្ហាញស្នាដៃនៅក្នុងការសម្ដែងក្នុងខ្សែភាពយន្តភាគមកជាច្រើនរឿង និង ទទួលបានការគាំទ្រផងដែរ។
បើនិយាយពីជីវិតឯកជនរបស់តារាសម្ដែងប្រុសរូបនេះវិញ លោកទទួលបានភាពជោគជ័យជាច្រើន ព្រមទាំងបានសាងសង់ផ្ទះដ៏ធំមួយជាកាដូសម្រាប់ខ្លួនឯង និង គ្រួសារទៀតផង។ បើនិយាយពីជីវិតស្នេហារបស់តារាសម្ដែងប្រុសប្រចាំប៉ុស្ដិ៍លេខ ៣ ថៃនេះវិញ នៅពេលដែលលោកចាប់ផ្ដើមបើកចំហពីទំនាក់ទំនងស្នេហាជាមួយ Foam ដែលជាអ្នកក្រៅសិល្បៈ គេសង្កេតឃើញមានបញ្ហាជាច្រើនកើតឡើង។
ជាការពិតណាស់ ក្រោយតារាប្រុស James Jirayu សម្រេចចិត្តបើកចំហពីទំនាក់ទំនងរបស់ខ្លួនជាមួយ Foam មានមតិជាច្រើនរិះគន់ទៅលើមិត្តស្រីរបស់លោកថាមិនស័ក្តិសមនឹងគ្នាឡើយ រហូតដល់លោកគិតថាមិនចង់បង្ហោះរូបគូជាមួយមិត្តស្រីឡើយ ព្រោះមិនចង់ឱ្យនាងទទួលរងពាក្យរិះគន់ពីមហាជន។
ក្រោយបង្ហាញពីទំនាក់ទំនងស្នេហាជាច្រើនឆ្នាំមក នៅពេលនេះបើក្រឡេកទៅមើលគណនី IG ផ្ទាល់ខ្លួនរបស់ James Ji វិញ គេសង្កេតឃើញថា មានរូបថតជាមួយមិត្តស្រីរហូត ដែលធ្វើឱ្យអ្នកគាំទ្រមិនច្រណែនមិនបាន។ ម្យ៉ាងទៀតនៅពេលនេះទំនាក់ទំនងរបស់អ្នកទាំងពីរទទួលបានការគាំទ្រច្រើន Foam បានក្លាយជាមិត្តស្រីម្នាក់ មិនថាទៅណាមកណា ឬ James Ji ចង់ធ្វើអ្វីនោះទេ ឃើញថាមានវត្តមាននាងនៅក្បែរតារាប្រុសរូបនេះជានិច្ច៕