សុខ ពិសី និយាយថា Single តែអ្នកគាំទ្រចាប់អារម្មណ៍លើម្រាមដៃនាងពាក់ចិញ្ចៀនពេជ្រជាប់ ដូចមានម្ចាស់ចិត្តរួចហើយ
បើនិយាយពីតារាចម្រៀងល្បីឈ្មោះ សុខ ពិសី ក្រៅពីទឹកដមសំឡេងស្រួយស្រេសដូចសារិកាច្រៀងបំពេអារម្មណ៍ទស្សនិកជនហើយនោះ កន្លងមកតារាចម្រៀងស្រីរូបនេះតែងត្រូវបានមហាជនអ្នកគាំទ្រ លួចសរសើរពីភាពស្រស់ស្អាតរបស់នាងមិនដាច់ពីមាត់ ជាពិសេសនាងមានសម្បុរស្បែកសខ្ចីទោះស្លៀកពាក់បុរាណ ឬសម័យសុទ្ធតែសមស្អាតទាក់ភ្នែកមហាជនជានិច្ច។
ងាកមកកាន់រឿងរ៉ាវឯកជន ពាក់ព័ន្ធនឹងម្ចាស់បេះដូងវិញ តារាស្រីវ័យ ៣៣ ឆ្នាំ កញ្ញា សុខ ពិសី ហាក់មិនដែលបង្ហើបប្រាប់អ្នកគាំទ្រនោះទេ ថាកញ្ញា មានម្ចាស់ចិត្ត ឬក៏អត់ បើទោះបីជាមិត្តភក្ដិជុំវិញខ្លួនប្រកាសដំណឹងរៀបការ ឬភ្ជាប់ពាក្យបន្តកន្ទុយគ្នាក៏ដោយ។ យ៉ាងណា ជារឿយៗតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ រមែងលើកឡើងថាខ្លួននៅទំនេរ មិនទាន់គិតគូរឿងស្នេហ៍ ព្រោះរវល់រឿងការងាររកស៊ី ជួនពេលខ្លះកញ្ញា សុខ ពិសី ក៏និយាយបែបលេងសើចញឹកញាប់ថា កុំសួរនាងរឿងបេះដូង។
យ៉ាងណាមិញ បើទោះជាមិនបានទម្លាយថាខ្លួនមានម្ចាស់ចិត្តក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើន បានលើកឡើងថា កញ្ញា សុខ ពិសី មានម្ចាស់ចិត្តរួចហើយ គ្រាន់តែនាងមិនទាន់បង្ហាញមុខប៉ុណ្ណោះ។ លើសពីនោះ អ្នកគាំទ្រនាងមួយចំនួនក៏បានសង្កេតឃើញម្រាមដៃនាងរបស់កញ្ញា សុខ ពិសី បានពាក់ចិញ្ចៀនពេជ្រមួយជាប់នឹងដៃរហូតកម្រដោះ ឬដូរម៉ូដចេញណាស់ ដោយនេះហាក់បញ្ជាក់ថា ចិញ្ចៀនពេជ្រនោះ ជាចិញ្ចៀនបញ្ចាំចិត្ត និង បញ្ជាក់ថា នាងមានម្ចាស់បេះដូងហើយ៕