ភរិយា វីជេ រតនា ប្រកាសអបអរមានសមាជិកថ្មីម្នាក់ទៀតជាទាយាទទី ៤ ចំថ្ងៃពិសេស
ក្រោយពីរៀបការសាងគ្រួសារជាង ៧ ឆ្នាំ វីជេ រតនា ទទួលបានចំណងដៃកូនប្រុសរហូតដល់ទៅបីនាក់ ដែលលោកធ្លាប់បង្ហើបថា យកឱ្យហើយទាន់ខ្លួននៅក្មេង តែយ៉ាងណាក្រោយមានកូនជាបន្តបន្ទាប់ ភរិយារបស់លោកហាក់មិនសូវមានសុខភាពមាំទាំល្អប៉ុន្មានឡើយ ដែលកាន់តែធ្វើឱ្យលោកមានការបារម្ភ និង អាណិតភរិយាជាខ្លាំង។
ជាការពិតកន្លងមក វីជេ រតនា បានបំពេញតួនាទីជាស្វាមីដ៏ល្អ ជាពិសេសក្រោយភរិយារបស់លោកសម្រាលកូនទីបីរួច រូបលោកកាន់តែបង្ហាញនូវអារម្មណ៍អាណិត និង ស្រឡាញ់ភរិយាជាខ្លាំង ព្រមទាំងកាន់តែមើលថែ ថ្នាក់ថ្នម ផ្ដល់ភាពកក់ក្ដៅចំពោះភរិយាជាទីស្រឡាញ់ និង កូនៗខ្លាំងឡើង ព្រមទាំងតែងបញ្ចេញនូវពាក្យពេចន៍ផ្អែមល្ហែមជាច្រើនលើបណ្ដាញសង្គម មហាជនឃើញហើយតែងលួចមានចិត្តច្រណែនគ្រប់គ្នា។
ដោយឡែក ថ្មីៗនេះ គ្រួសារដ៏កក់ក្ដៅនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈបានឃើញ ភរិយារបស់ វីជេ រតនា បានប្រកាសអបអរដែលទទួលបានសមាជិកថ្មីម្នាក់ទៀត គឺជាទាយាទទី ៤ ដែលអ្នកនាងរំពឹងថាលើកនេះកូនស្រីផងដែរ។ ក្នុងនោះ ភរិយារបស់ វីជេ រតនា បានសរសេររៀបរាប់ថា ៖ «កាដូពិសេសថ្ងៃ គ្រីសម៉ាស ទាយមេីលបងប្អូន ស្រី អត់ជេីងនេះ?»។
បន្ទាប់ពីឃើញបែបនេះ ធ្វើឱ្យមហាជន ពិតជាមានចិត្តរំភើបជំនួសចំពោះគ្រួសារតូចរបស់ វីជេ រតនា ដែលបានស៊ែរភ្ជាប់ជាមួយសារអបអរជូនពរជាច្រើនដល់គ្រួសារនេះ ឱ្យកាន់តែទទួលបាននូវសេចក្ដីសុខ និង ពោរពេញដោយរីករាយនៅក្នុងគ្រួសារមួយនេះ៕