យាយយ៉យ សារភាពត្រង់ៗថាដក់ចិត្តស្រឡាញ់ នាយព្រែក ជាងកូនបងៗ ព្រោះហេតុផលនេះ
ប៉ុន្មានឆ្នាំចុងក្រោយនេះ នាយព្រែក កូនប្រុសពៅរបស់តារាកំប្លែង និង អាយ៉ៃជើងចាស់អ្នកស្រី នួន សារី ហៅ យាយយ៉យ បានសាងកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញនៅក្នុងវិស័យសិល្បៈ ដោយលោកមិនត្រឹមតែក្ដោបបានតំណែងជាពិធីករក្នុងកម្មវិធីល្បីៗទេ លើសពីនេះ នាយព្រែក ក៏ទាញបានប្រជាប្រិយភាពកាន់តែច្រើនក្រាស់ក្រែលពីទស្សនិកជន តាមរយៈការផលិតវីដេអូខ្លះៗ។
ជាការពិត សិល្បការិនីចាស់វស្សាដែលបានសាងភាពល្បីល្បាញយូរឆ្នាំ យាយយ៉យ ធ្លាប់លើកឡើងនៅក្នុងកម្មវិធីមួយចំពោះមុខ នាយព្រែក ទាំងអារម្មណ៍ក្ដុកក្ដួលពីទំហំទឹកចិត្តម្ដាយមានចំពោះកូនប្រុសថា ក្នុងចំណោមកូនៗទាំងអស់មានចំណុចល្អខុសៗគ្នា ប៉ុន្ដែបើនិយាយពីទឹកចិត្តស្រឡាញ់វិញ គឺអ្នកស្រីទោរទន់ទៅកូនប្រុសពៅ នាយព្រែក ខ្លាំងជាងកូនៗច្បង។
ការលើកឡើងរបស់អ្នកចម្រៀងអាយ៉ៃសម្បូរដោយវោហារមិនចេះរីងស្ងួតរូបនេះ មិនមែនមានន័យថា អ្នកស្រីមិនស្រឡាញ់កូនបងៗនោះទេ ប៉ុន្ដែអ្នកស្រីហាក់ដក់ចិត្តស្រឡាញ់ទៅលើកូនប្រុសពៅច្រើនជាងកូនបងៗ ដោយសារតែអ្នកស្រីអាណិត នាយព្រែក ជាងគេ ព្រោះកូនមួយនេះ កម្សត់កម្រជាងគេ ចេះរកលុយមកឱ្យម្ដាយតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ ទោះបីបានតិចក្ដីច្រើនក្ដីក៏ខំប្រឹងយកមកឱ្យម្ដាយដែរ មិនតែប៉ុណ្ណោះថែមទាំងបានចុះកុងត្រាជាមួយម្ចាស់ផលិតកម្មដើម្បីថតរឿងដោយខ្លួនឯងថែមទៀតផង៕