ចង់ឱ្យគ្រួសាររស់នៅចុះសម្រុងគ្នា Rain ស្រាប់តែពោលពាក្យនេះឡើងយ៉ាងភ្ញាក់ផ្អើល
កាលពីខែធ្នូ ចុងឆ្នាំ ២០២៣ កន្លងទៅ កំពូលតារាចម្រៀង និង សម្ដែងប្រុសកូរ៉េ Bi Rain បានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីជជែកកម្សាន្តមួយជាមួយនឹងតារាស្រី Kwon Eun Bi ដោយបានចែករំលែកអំពីជីវិតឯកជន និង ជីវិតក្នុងអាជីពសិល្បៈ។
ក្នុងនោះដែរ តារាប្រុសរូបនេះ ក៏ស្រាប់តែនិយាយថា ៖ «ទំនាក់ទំនងស្នេហាបើសិនមើលទៅលើរូបសម្រស់គឺមិនបានយូរនោះទេ» គ្រាន់តែនិយាយចប់ភ្លាម Rain ត្រូវបានគេចាប់អារម្មណ៍ភ្លែតទៅលើជីវិតអាពាហ៍ពិពាហ៍របស់លោក បន្ទាប់ពីរៀបការជាមួយនឹង Kim Tae Hee ជាង ៥ឆ្នាំ មកហើយ ដោយបានរៀបចំពិធីមង្គលការសាមញ្ញ នៅវីឡាឯកជនរបស់ពួកគេ។
កន្លងមក អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិអវិជ្ជមានថា Rain មិនស័ក្តិសមនឹង Kim Tae Hee ដោយសារតែរូបសម្រស់ខុសគ្នា។ លើសពីនេះ Rain ធ្លាប់និយាយផ្ទាល់មាត់ខ្លួនឯងថា ធ្លាប់ត្រូវបានក្រុមហ៊ុនកម្សាន្តជាង ១០ បដិសេធ ដោយសារតែរូបរបស់លោកមិនត្រូវស្តង់ដា។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះបានផ្លាស់ប្តូរទស្សនៈមហាជនបន្តិចម្ដងៗ ដោយសារតែក្តីស្មោះត្រង់ចំពោះក្រុមគ្រួសាររបស់លោក៕