កែវ ពេជ្រពិសី នៅដឹងគុណរៀមច្បង ឌី សាវ៉េត មិនភ្លេច ចំពោះរឿងត្រួសត្រាយផ្លូវចូលសិល្បៈ
បើនិយាយដល់ឈ្មោះ កែវ ពេជ្រពិសី ប្រិយមិត្តភាគច្រើន មិនថាក្មេងចាស់ប្រុសស្រី ប្រាកដជាធ្លាប់បានទស្សនានូវកាយវិការសម្ដែងដ៏ប៉ិនប្រសប់តាមរយៈបទចម្រៀងកាយវិការ ក៏ដូចជាតាមរយៈខ្សែភាពយន្តខ្មែរល្បីៗទាំងបុរាណ និង សម័យ ជាពិសេសរូបសម្រស់ដ៏ស្រស់ផូរផង់របស់តារាស្រីរូបនេះ បានឆក់យកក្រសែភ្នែករបស់ទស្សនិកជនដែលបានទស្សនាហើយ ឱ្យចង់ទស្សនាទៀត។
ងាកត្រឡប់ទៅកាន់អតីតកាលបន្តិច អ្នកនាង កែវ ពេជ្រពិសី បានចូលប្រឡូកសិល្បៈតាំងពីខ្ទង់ឆ្នាំ ២០០០ ស្ដើង រហូតមកដល់បច្ចុប្បន្ន អ្នកនាងបានដើរលើវិថីសិល្បៈប្រមាណជាជិត ២០ ឆ្នាំហើយ ពោលគឺតារាស្រីរៀមច្បងដ៏ល្បីល្បាញរូបនេះ បានចាប់យកអាជីពជាតារាសម្ដែងតាំងពីអាយុ ១៧ ឆ្នាំមកម្ល៉េះ។
កាលអ្នកនាង កែវ ពេជ្រពិសី បោះជំហានចូលសម្ដែងដំបូងៗ អ្នកនាងបានទម្លាយប្រាប់ «ប្រជាប្រិយ» ឱ្យដឹងថា កាលនោះអ្នកនាងត្រឹមតែជាក្មេងស្រីម្នាក់ ដែលមានភាពតស៊ូខ្លាំងបំផុត ហើយកាលទើបសម្ដែងថ្មីៗ អ្នកនាងមិនចេះសម្ដែងឡើយ ដោយផលិតករឱ្យយំមិនចេះយំ ផលិតករឱ្យសើចមិនចេះសើច ហើយក៏ទទួលរងពាក្យស្ដីបន្ទោស ដែលធ្វើឱ្យអ្នកនាងសឹងតែបោះបង់ក្ដីស្រមៃចោល។
ដោយឡែក ដោយសារក្ដីស្រឡាញ់ចង់ក្លាយជាតារា អ្នកនាង កែវ ពេជ្រពិសី បានទៅរៀនវគ្គសិក្សាខ្លីពីការសម្ដែង ដោយកាលនោះមានសិល្បការិនីរៀមច្បង ឌី សាវ៉េត ជាគ្រូបង្ហាត់បង្រៀន។ តាំងពីពេលនោះមក កែវ ពេជ្រពិសី តែងគោរពដឹងគុណជាពន់ពេកចំពោះរៀមច្បងរូបនេះ ដែលជាអ្នកជួយបង្ហាត់បង្រៀនចំណេះជំនាញផ្នែកសម្ដែងរហូតក្លាយជាតារាស្រីជួរមុខលំដាប់ប្រទេស៕