ជះសម្រស់ទាំងម៉ាក់ទាំងកូន! យុគ ចិន្តា ដឹកដៃកូនស្រីទៅញ៉ាំការ ហុិន ចន្ទ័នីរ័ត្ន មើលមួយភ្លែតស្មានតែបងប្អូនភ្លោះ
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ គឺជាថ្ងៃវេលាល្អរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តាមប្រពៃណីយ៉ាងអធិកអធមសម្រាប់ពិធីការិនី ហុិន ចន្ទ័នីរ័ត្ន និង គូដណ្តឹងរូបសង្ហាលោក ឌី ពេជ្រ ស្ថិតនៅក្នុងគេហដ្ឋានដ៏ធំស្កឹមស្កៃនាទីក្រុងភ្នំពេញ។
បើក្រឡេកទៅមើលពីទិដ្ឋភាពទាំងមូលក្នុងរោងជ័យនៃថ្ងៃមង្គលនេះវិញ សង្កេតឃើញថាមានការរៀបចំឡើងយ៉ាងស្រស់ស្អាត ប្រណីត មានការរចនានូវក្បាច់ខ្មែរ និង រំលេចទៅដោយផ្កាកុលាបរាប់ពាន់ទង រឹតតែធ្វើឱ្យមង្គលការមួយនេះកាន់តែមានភាពលេចធ្លោ ទទួលបានការសរសើរពីសំណាក់មហាជនទៀតផង។
ទន្ទឹមនឹងនោះ សម្រាប់ពិធីមង្គលការរបស់គូរស្វាមីភរិយាថ្មីមួយគូរនេះដែរ ក៏បានឃើញវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ និង មន្ត្រីអ្នកមុខអ្នកការ សិល្បករ សិល្បការិនីក្នុងរង្វង់សិល្បៈជាច្រើនចូលរួមផងដែរ។
ដោយឡែក ក៏បានឃើញវត្តមានអតីតពិធីការិនីដ៏ល្បីមួយរូបអ្នកនាង យុគ ចិន្តា បានដឹកដៃកូនស្រីដ៏ស្រស់ស្អាតដូចទេពធីតាក្នុងឈុតពណ៌ស រំលេចឌិនត្បូងសឡើងជះពន្លឺផ្លេកៗ បណ្តើរគ្នាចូលរួមក្នុងពិធីមង្គលគូស្វាមីភរិយាមួយគូនេះ ដែលមើលមិនដឹងថាអ្នកទាំងពីជាម្តាយ និង កូនគ្នានោះឡើយ ពោលគឺស្មានតែបងប្អូនភ្លោះ៕