រំលងច្រើនឆ្នាំ មកដឹងបច្ចុប្បន្នភាព លី ចាន់សីហា និង ដាញ់ ម៉ូនីកា តួឯកស្រី «មរណមាតា»
រឿង «មរណមាតា» ជារឿងរចនាឡើងជាបទកំណាព្យដោយ កវីអ៊ុក នៅឆ្នាំ ១៨៧៧ ទាញចេញពីគម្ពីរភាសាបាលីបានដកស្រង់ និង យកមកផលិតជាភាពយន្តច្រើនជំនាន់មកហើយ។ ក្នុងនោះ ក៏មានផលិតពីសំណាក់អ្នកដឹកនាំល្បីឈ្មោះ ឯកឧត្តម ហ្វៃ សំអាង ក៏បានយករឿង «មរណមាតា» មកផលិតជាខ្សែភាពយន្តដែរកាលពីអំឡុងឆ្នាំ ២០០៤។
កាលនោះ តួអង្គសំខាន់ៗក្នុងខ្សែភាពយន្តខាងលើរួមមានអ្នកនាង ដាញ់ ម៉ូនីកា, លោក ហេង ប៊ុន លាភ, លោក ហ៊ម ឆរ៉ា, អ្នកនាង ស្វែង សុជាតា, អ្នកនាង គង់ សុជាតិ, អ្នកនាង ឆៃលី ដាឡែន, អ្នកនាង លី ចាន់សីហា និង អ្នកនាង ឡោម លក្ខិណា ជាដើម។
ដោយឡែកថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំលោកអ្នកមកដឹងពីបច្ចុប្បន្នភាពរបស់តួអង្គឯកស្រី «មរណមាតា» ២ រូប គឺអ្នកនាង លី ចាន់សីហា តួកាលនៅក្មេង និង អ្នកនាង ដាញ់ ម៉ូនីកា តួពេលធំពេញវ័យថាតើមានសុខទុក្ខយ៉ាងណាហើយ ៖
១. អ្នកនាង លី ចាន់សីហា
រឿង «មរណមាតា» ផលិតឡើងដោយ ឯកឧត្តម ហ្វៃ សំអាង កាលពីឆ្នាំ ២០០៤ អ្នកនាង លី ចាន់សីហា នៅដើរជាតួអង្គកុមារនៅឡើយទេ។ កាលនោះ តារាស្រីរូបនេះ បានសម្តែងតួអង្គ ២ រូប គឺនាងកុមារី ឬ កុមារី មរណមាតា និង តួអង្គកាចឆ្នាស់ នាងមេចន្ទាសាលិនី។
បច្ចុប្បន្ន តារាស្រីរូបនេះបើទោះជាមិនបានបង្ហាញខ្លួនសម្តែងក្នុងខ្សែភាពយន្តបន្តមែន ប៉ុន្តែនាងមិនបានបោះបង់អាជីពសិល្បៈទាំងស្រុងដែរ។ លើសពីនោះ ក្រោយពីចងចំណងអាពាហ៍ពិពាហ៍លើកទី ២ អ្នកនាង លី ចាន់សីហា កំពុងសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងស្វាមី ព្រមទាំងកូនស្រី និង មមាញឹកនឹងមុខរបររកស៊ីផងដែរ។
២. អ្នកនាង ដាញ់ ម៉ូនីកា
មិនខុសគ្នាពីអ្នកនាង លី ចាន់សីហា នោះទេ កាលពីសម្តែងរឿង «មរណមាតា» ផលិតឡើងដោយ ឯកឧត្តម ហ្វៃ សំអាង អ្នកនាង ដាញ់ ម៉ូនីកា បានសម្តែងតួអង្គ ២ រូប គឺ នាងកុមារី ឬ ព្រះនាង មរណមាតា និង តួអង្គកាចឆ្នាស់ នាងមេចន្ទាសាលិនី នៅពេលធំពេញរូបពេញរាង។
បច្ចុប្បន្នតួឯកស្រីខាងលើ បានបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយ បន្ទាប់ពីរៀបការសាងគ្រួសារ និង ទៅរស់នៅឯក្រៅប្រទេស។ ពេលនេះអតីតតារាសម្ដែងស្រី ដាញ់ ម៉ូនីកា និង ស្វាមី ទទួលបានកូនប្រុសស្រីចំនួន ២ នាក់ និង កំពុងចាយជីវិតយ៉ាងសោយសុខ ខណៈអ្នកនាង និង ស្វាមី ចាប់ដៃគ្នារកស៊ីកាន់កាប់មុខជំនួញលក់ផលិតផលតាមអនឡាញកំពុងកាក់កបខ្លាំងផងដែរ៕