សរសើរទឹកចិត្ត Angela Baby ទោះអត់ការងារសិល្បៈ នៅតែធ្វើសប្បុរសធម៌ជួយអ្នករងគ្រោះក្នុងគ្រោះរញ្ជួយដី
បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា មូលនិធិសប្បុរសធម៌ក្រុងសៀងហៃ បានសរសេរសេចក្តីថ្លែងអំណរគុណ ដល់តារាសម្ដែងស្រី Angela Baby សម្រាប់ការផ្តល់ជំនួយនៅក្នុងតំបន់រងគ្រោះដោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសចិន។
ទោះបីជាខាងមូលនិធិសប្បុរសធម៌ មិនបានបង្ហាញចំនួនទឹកប្រាក់បរិច្ចាគរបស់តារាស្រីរូបនេះក៏ដោយ ប៉ុន្តែគេបានបង្ហាញនូវបរិច្ចាគមួយចំនួនមានដូចជា តង់, ម៉ាស៊ីនភ្លើង និង សម្ភារប្រើប្រាស់មួយចំនួនទៀត របស់ Angela ដែលបានផ្គត់ផ្គង់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់គ្រោះមហន្តរាយ។
ភ្លាមៗនោះ បន្ទាប់ពីព័ត៌មានបានចុះផ្សាយ និង ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Weibo បង្ហាញពីសកម្មភាពធ្វើសប្បុរសធម៌របស់ Angela Baby ចាប់អារម្មណ៍ឃើញថាមានមតិសរសើរច្រើនថា បើទោះបីជានាងបានស្ងាត់ពីសិល្បៈ ដោយសារតែរឿងអាស្រូវលួចទស្សនាក្នុងក្លឹបកម្សាន្តនៅប៉ារីសក៏ដោយ។ ប៉ុន្តែនាងនៅតែព្យាយាមជួយដល់ប្រជាជនដែលរងគ្រោះដោយគ្រោះរញ្ជួយដី ធ្វើឱ្យមហាជនកើតចិត្តអាណិតដល់នាងជាខ្លាំង។
ច្រើនឆ្នាំមកហើយ Angela Baby ត្រូវបានស្គាល់ថាជាតារាដែលចូលរួមសកម្មនៅក្នុងសហគមន៍និងសកម្មភាពសប្បុរសធម៌ក្នុងប្រទេសចិន។ ក្នុងនោះដែរ កាលពីឆ្នាំ ២០១៥ នាង និង អតីតស្វាមី ទទួលបានងារជាតារាចិត្តធម៌ក្នុងវិស័យកម្សាន្តចិន៕