អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញ ឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវកូនខ្លាខាំពេលថត MV បទ «Call me papa»
ពិតណាស់ កាលពីថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួនមួយបទ គឺបទ «Call me PaPa» ជាប្រភេទបទ Remix ញាក់កន្រ្តាក់អារម្មណ៍ពេញនិយមខ្លាំងសម្រាប់យុវវ័យ។
បទចម្រៀងស្នាដៃថ្មីរបស់ឧកញ៉ា «Call me PaPa» នេះដែរ ក្រោយចេញបានប៉ុន្មានថ្ងៃ ឃើញថាលើបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍គាំទ្រ និង ចែករំលែកខ្លាំងពីមហាជនគ្រប់ស្រទាប់ ជាពិសេសត្រូវបានអ្នកលេង TikTok កាត់ចម្រៀងខ្លីៗធ្វើការរាំតាមបទនេះបន្តគ្នាផ្អើលពេញ TikTok ។
ខណៈបទចម្រៀង «Call me papa» ផ្ទុះការគាំទ្រខ្លាំងពីមហាជនគ្រប់ស្រទាប់ ថ្មីៗនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានផលិតបទចម្រៀងជា MV ដែលដឹកនាំ និង សម្ដែងដោយរូបលោកផ្ទាល់ ឃើញថាទាំងប្លង់ថត និង បទចម្រៀងពេញនិយមខ្លាំង។ ក្នុងនោះអ្វីរឹតតែចាប់អារម្មណ៍ខ្លាំង ការផលិត MV បទ «Call me papa» នេះ លោក ឧកញ៉ា បានយកសត្វខ្លាពិតៗ មកសម្ដែងដោយផ្ទាល់ទៀតផង ដែលកាន់តែធ្វើឱ្យ MV នេះទាក់ទាញខ្លាំងថែមមួយកម្រិតទៀត។
ដោយឡែក ស្របពេលថតរួចត្រៀមនឹងបញ្ចេញឆាប់ៗនេះ ក៏ផ្ទុះការចែករំលែកនូវដំណឹងមួយលើបណ្ដាញសង្គមឱ្យដឹងថា ខណៈថត MV នេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានត្រូវសត្វខ្លាដែលលោកថតជាមួយនោះខាំត្រង់ស្មា ដែលបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង បង្ហាញការបារម្ភចំពោះលោកខ្លាំងផងដែរ៕