រួចខ្លួនពីការចោទប្រកាន់រឿងគ្រឿងញៀន ពេលនេះ G-DRAGON ត្រៀមចេញបទថ្មីបំបុកយកកេរ្តិ៍ឈ្មោះមកវិញ
កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ ក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃទីភ្នាក់ងារប៉ូលិស Incheon បានប្រកាសជាផ្លូវការថា កំពូលតារារ៉េប G-DRAGON មេក្រុម BIGBANG មិនត្រូវបានជាប់ទោសពីការចោទប្រកាន់ពីបទគ្រឿងញៀននោះទេ។ បន្ទាប់ពីរកមិនឃើញសញ្ញាណាមួយដែលអាចចោទប្រកាន់លោកថាធ្លាប់បានប្រើប្រាស់គ្រឿងញៀន។
ជាមួយគ្នានោះដែរ បន្ទាប់ពីព័ត៌មាន G-DRAGON មិនមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ត្រូវបានផ្សព្វផ្សាយចេញជាសាធារណៈ ក្នុងនោះដែរ ក្រុមអ្នកគាំទ្ររបស់កំពូលតារារ៉េប K-Pop រូបនេះ បានសម្ដែងក្តីរីករាយយ៉ាងខ្លាំង ដោយអាយដលរបស់ពួកគេបានបង្ហាញភាពស្អាតស្អំសម្រាប់ខ្លួនឯងមកវិញ។
យ៉ាងណាមិញ ក្រោយពីឆ្លងកាត់ព្យុះភ្លៀងមួយគ្រា ឥឡូវនេះស្រាប់តែមានព័ត៌មានថ្មីចុះផ្សាយពី G-DRAGON កំពុងរៀបចំការវិលត្រឡប់ជាមួយនឹងបទចម្រៀងថ្មីរបស់លោក ដោយបច្ចុប្បន្ននេះ តារាប្រុសរូបនេះកំពុងពិភាក្សាសហការជាមួយនឹងទ្រនំថ្មី Galaxy Corporation ក្រោយពីមានពាក្យចចាមអារ៉ាមមិនបន្តកុងត្រាជាមួយនឹង YG Entertainment៕