ក្តៅៗ! ប៉ូលិសសម្រេចបិទសំណុំរឿង G-Dragon ពាក់ព័ន្ធនឹងគ្រឿងញៀនហើយ
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានចុះផ្សាយជាបន្តបន្ទាប់ថា កំពូលតារារ៉េប G-Dragon មេក្រុម BIGBANG មិនត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនដូចការចោទប្រកាន់ទាំងអស់នោះទេ។ លើសពីនេះ ប៉ូលិសក៏សម្រេចបិទសំណុំរឿងជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនរបស់មេក្រុម BIGBANG នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
ដូចដែលធ្លាប់បានចុះផ្សាយពីមុនមកហើយ បន្ទាប់ពីកាសែត Osen បានចុះផ្សាយឱ្យដឹងថា នាយកដ្ឋានប៉ូលិស Incheon មិនបានផ្ទេរសំណុំរឿងរបស់ G-Dragon មកអយ្យការទេ បន្ទាប់ពីតារាប្រុសរូបនេះ ធ្វើតេស្តលទ្ធផល «អវិជ្ជមាន» ទាំងអស់។
ជាមួយគ្នានោះដែរ បើតាមអ្នកតំណាងម្នាក់មកពីទីភ្នាក់ងារស៊ើបអង្កេតលើករណីគ្រឿងញៀននេះ បានបង្ហើបឱ្យដឹងថា ពួកគេមិនបានរកឃើញសញ្ញាណាមួយដែល G-Dragon ធ្លាប់បានប្រើប្រាស់សារធាតុហាមឃាត់ក្នុងអំឡុងពេលដំណើរការប្រមូលសក្ខីកម្មពីបុគ្គលចំនួន ៦ នាក់ នៅក្នុងសំណុំរឿងរបស់ Lee Sun Kyun ឡើយ។
គួររំឭកផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ សារព័ត៌មានកូរ៉េ បានចុះផ្សាយថា G-Dragon បានធ្វើតេស្តរហ័សលទ្ធផល «អវិជ្ជមាន» ក្នុងការធ្វើតេស្តលើ សក់, ក្រចកដៃ និង ក្រចកជើង។ ភ្លាមៗនោះក្រុមស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃនាយកដ្ឋានប៉ូលីស Incheon ក៏បានសម្រេចចិត្តដកបម្រាមចេញពីមេក្រុម BIGBANG រូបនេះផងដែរ៕