ចូលដល់វ័យ ៤២ ឆ្នាំ Fan Bingbing ទម្លាយខ្ទេចមូលហេតុមិនចង់រៀបការ ក្រោយធ្លាប់បរាជ័យស្នេហា
ធ្លាប់ឆ្លងកាត់បញ្ហាជីវិតជាច្រើននាពេលកន្លងមក សម្រាប់តារាសម្ដែងស្រីចិន Fan Bingbing អាចនិយាយបានថាជាមនុស្សស្រីម្នាក់ដែលមានភាពរឹងមាំអាចតស៊ូរ៉ាប់រងអនាគតខ្លួនឯង ក្រោយពីមានព្យុះភ្លៀងដ៏ធំបានបោកបក់នាងឱ្យជាប់ខ្លួនក្នុងរឿងអាស្រូវគេចពន្ធស្ទើរតែរលត់ឈ្មោះពីវិស័យសិល្បៈកម្សាន្តចិន។
យ៉ាងណាមិញ បង្វែរការចាប់អារម្មណ៍មើលពីជីវិតឯកជនផ្ទាល់ខ្លួនរបស់នាង និយាយអំពីជីវិតរើសគូស្រករវិញម្ដង បន្ទាប់ពីនាងបានផ្តាច់ពាក្យជាមួយនឹងអតីតគូដណ្តឹងរបស់នាង គឺតារាសម្ដែងប្រុស Li Chen ដោយអ្នកទាំងពីរបានភ្ជាប់ពាក្យនឹងគ្នា អំឡុងឆ្នាំ ២០១៧ ប៉ុន្តែពួកគេក៏បានចែកផ្លូវគ្នាដើររៀងៗខ្លួនវិញ។
រហូតមកដល់បច្ចុប្បន្ននេះ តារាសម្ដែងស្រីរូបនេះស្រាប់តែបានបើកចិត្តនិយាយអំពីជីវិតជ្រើសរើសគូស្រករនៅក្នុងបទសម្ភាសមួយក្នុងទស្សនាវដ្តីកម្សាន្ត ដោយនាងបានបកស្រាយលម្អិតថា ៖ «ចាស! ខ្ញុំគិតថាកុំគិតរឿងរៀបការអី»។
ក្នុងនោះដែរ តារាស្រីវ័យ ៤២ ឆ្នាំរូបនេះ បាននិយាយបកស្រាយទៀតថា មនុស្សស្រីជាច្រើននៅជុំវិញខ្លួនខ្ញុំ ពួកគេមិនចង់រៀបការនោះទេ ដោយសារតែពួកគេមានអារម្មណ៍ថា តើគេអាចរកឃើញស្នេហា និង ដៃគូចូលមកក្នុងជីវិតរបស់គេនោះល្អឬអត់ បើអត់មិនខុសពីជួបទុក្ខនោះឡើយ។
លើសពីនេះ នាងថែមទាំងនិយាយទៀតថា ៖ «ដំបូងអ្នកគិតថាអាចរកឃើញមនុស្សដែលអាចជួយអ្នកជ្រកព្យុះភ្លៀងបាន ប៉ុន្តែនៅទីបញ្ចប់ព្យុះដ៏ធំនោះគឺមនុស្សម្នាក់នោះ (សើច)។ ខ្ញុំគិតថាមនុស្សស្រីទាំងអស់ធ្លាប់ឆ្លងកាត់ការខកចិត្ត និង ទំនាក់ទំនងមិនសមបំណងបែបនេះរួចមកហើយ»៕