ប្រណីតណាស់! ស៊ីនឌី សម្រិតសម្រាំងឈុតរៀបការពីបុរាណតាមទំនៀម ៣ ថ្ងៃ ក្នុងកម្មវិធីរាត្រីចងចាំ
កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា នៅក្នុងព្រឹត្តិការណ៍រំឭកគុណអង្គរ ឆ្នាំ ២០២៣ នេះ និង ដើម្បីចូលរួមអបអរសាទរខួប ១៣ ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងមានរៀបចំការសម្ដែងល្ខោន និង សិល្បៈទស្សនីយភាពនានា ដែលបើកឱ្យចូលទស្សនាដោយសេរី ទៅតាមពេលវេលា និង ទីតាំងមួយចំនួន។
យ៉ាងណា កាលពីរាត្រីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ នៅបរិវេណប្រាសាទបាពួនក៏បានរៀបចំកម្មវិធីសិល្បៈជាច្រើនផងដែរ ដោយក្នុងនោះក៏រួមមានការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់ខ្មែរ តាំងពីបុរាណតាមទំនៀមរយៈពេល ៣ ថ្ងៃ ទៀតផង។
តាមការឱ្យដឹងតាមរយៈផេកផ្លូវការ «រាត្រីចងចាំ» បានបញ្ជាក់ថា ការបង្ហាញឈុតសម្លៀកអាពាហ៍ពិពាហ៍កាលពីយប់មិញនេះ គឺជាការច្នៃម៉ូដដោយតារាភេទទី ៣ ស៊ីនឌី ដែលជាម្ចាស់ហាង ស៊ីនឌី សម្អាងការ។
លើសពីនោះ ឈុតដែលអ្នកច្នៃម៉ូដល្បីឈ្មោះខាងលើបានសម្រិតសម្រាំងឡើងមក គឺទៅតាមទម្លាប់មង្គលការរបស់ខ្មែរមានតាំងពីបុរាណបានកំណត់ទុក ៣ ថ្ងៃ រួមមាន «ថ្ងៃទី គឺជាថ្ងៃចូលរោង» «ថ្ងៃទី ២ គឺជាថ្ងៃពិសាស្លាកំណត់» និង «ថ្ងៃទី ៣ គឺជាថ្ងៃសំពះផ្ទឹម»៕
រូបភាព៖ រាត្រីចងចាំ