សុខៗ Lee Se Hee ផ្តាំអ្នកគាំទ្រឈប់ចាយលុយលើនាង ហើយឱ្យយកលុយនោះទៅវិញ
នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាសម្ដែងស្រី Lee Se Hee ដោយសារតែតារាស្រីរូបនេះ បានបង្ហោះវីដេអូថតនៅពីមុខផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានរូបថតរីករាយថ្ងៃខួបកំណើតរបស់នាងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ ផ្សាយនៅតំបន់រថភ្លើងក្រោមដី រៀបចំដោយក្រុមអ្នកគាំទ្ររបស់នាង ដើម្បីបង្ហាញក្តីស្រឡាញ់របស់ពួកគេចំពោះនាង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងខ្លឹមសារដែល Lee Se Hee បានសរសេរបង្ហោះនោះ គឺចង់និយាយទៅកាន់ក្រុមអ្នកគាំទ្ររបស់នាងថា៖ «កុំធ្វើបែបនេះទៀតអី! អរគុណច្រើនណាស់ ប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំចំណាយលុយលើខ្ញុំច្រើនពេក។ ខ្ញុំដឹងថា ថ្ងៃនេះពិសេសណាស់ តែអ្នកបានចាយលុយច្រើនមកលើខ្ញុំនេះជាបញ្ហា ខ្ញុំគិតថានេះមិនត្រឹមត្រូវទេ តែខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលគ្រប់គ្នាល្អនឹងខ្ញុំ ប៉ុន្តែ (Sebagi) សូមទិញរបស់សម្រាប់ខ្លួនឯងខ្លះ»។
លើសពីនេះ តារាស្រីរូបនេះ បានបង្ហាញក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់នាងចំពោះក្រុមអ្នកគាំទ្រ ដោយនិយាយទៀតថា៖ «ក្នុងថ្ងៃខួបកំណើតខ្ញុំ ខ្ញុំសូមឱ្យ Sebagi របស់ខ្ញុំមានសុខភាពល្អ និង រីករាយ ដូច្នេះប្រសិនបើអ្នកទិញវីតាមីនផឹក ថតវាផ្ញើឱ្យខ្ញុំមើលផង ខ្ញុំពិតជារីករាយណាស់»។
ជាចុងក្រោយ តារាស្រី Lee Se Hee បាននិយាយថា៖ «ខ្ញុំបានឃើញអ្វីដែលអ្នកធ្វើហើយ ដូច្នេះអ្នកទៅទទួលយកលុយជួលការផ្សព្វផ្សាយពាណិជ្ជកម្មមកវិញ ហើយយកវីតាមីនទៅផឹកផង។ អរគុណច្រើន ខ្ញុំស្រឡាញ់អ្នក Sebagi»៕