អតីតសមាជិក T-ara រងការរិះគន់ដូចព្យុះ រឿងសុំលែងប្តីហើយទៅរៀបការគូស្នេហ៍ថ្មី
ថ្មីៗនេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមនៅក្នុងប្រទេសកូរ៉េ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយមិននឹកស្មានថា ក្រោយពីប្រកាសលែងលះស្វាមី ហើយតារាស្រី Lee Areum អតីតសមាជិក T-ara មានគម្រោងនឹងប្រកាសរៀបការជាមួយនឹងគូស្នេហ៍ថ្មីរបស់នាង។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Osen កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា តារាស្រី Lee Areum បានទម្លាយរឿងលែងលះជាមួយនឹងស្វាមីអ្នកជំនួញរបស់នាង គឺលោក Kim Young Geul ក្រោយពីអ្នកទាំងពីររៀបការបាន ៤ ឆ្នាំ និង មានកូនប្រុស ២ នាក់ជាចំណងដៃ ប៉ុន្តែអ្វីដែលធ្វើឱ្យគេស្រឡាំងកាំងហួសចិត្តនឹងនាងនោះគឺ នាងបានបង្ហោះជាសាធារណៈថាមានគម្រោងរៀបការថ្មី បន្ទាប់ពីលែងលះស្វាមីដាច់ស្រេច។
ក្រោយពីមានបញ្ហានេះ អ្នកនិយមលេងក្នុងបណ្តាញសង្គមក្នុងប្រទេសកូរ៉េ មានការមិនពេញចិត្តខ្លាំងដោយបានចោទសួរពីបញ្ហានេះថា ហេតុអ្វីបានជានាងសម្រេចចិត្តប្រកាសបង្ហាញទំនាក់ទំនងថ្មីរបស់នាងជាសាធារណៈ ដែលអត់មានប្រយោជន៍ដល់នាងពេលនេះ។
យ៉ាងណាមិញ ការបែកបាក់ចំណងអាពាហ៍ពិពាហ៍របស់ Lee Areum និង ស្វាមី អាចនឹងកើតឡើងតាំងពីឆ្នាំ ២០២២ អំឡុងពេលតារាស្រី Areum បានបង្ហាញខ្លួនក្នុងកម្មវិធី «Caught Between Marriage & Divorce» ដែលនិយាយអំពីការប្រេះឆាក្នុងជីវិតគូ។ ក្នុងកម្មវិធីនោះ តារាស្រីរូបនេះបានចែករំលែកអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង មិនបានសម្រេចដូចការគិតឡើយ៕