ទោះបីជាកូនដំបូង ឯកឧត្តម អេង ឫទ្ធី ប្រាប់ត្រង់ៗថា ស្រឡាញ់ភរិយាជាងកូនក្នុងផ្ទៃ
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួមរស់ជាប្តីប្រពន្ធប្រមាណជិត ៤ ឆ្នាំ អ្នកនាង ស៊ឹម សូលីកា និង ឯកឧត្តម អេង រិទ្ធី ក៏បានប្រកាសដំណឹងល្អ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដោយអ្នកនាង ស៊ឹម សូលីកា បានបង្ហាញថាខ្លួនកំពុងពពោះកូនដំបូងជាតំណក់ឈាមរួមជាមួយស្វាមី គឺឯកឧត្តម អេង រិទ្ធី។
គិតមកដល់ពេលនេះ ពិធីការិនី ស៊ឹម សូលីកា បានពពោះកូនតំណក់ឈាមដំបូងជាមួយស្វាមី ប្រមាណជាង ៨ ខែហើយ ដែលឃើញថាពិធីការិនីរូបនេះ និង ស្វាមី តែងបង្ហាញចិត្តអន្ទះសាចង់ឃើញមុខទាយាទដំបូងឆាប់ៗផងដែរ។
ដោយឡែក ថ្មីៗនេះ ខណៈអ្នកនាង ស៊ឹម សូលីកា កាន់តែកៀកខែសម្រាល ក៏បានឃើញស្វាមី គឺ ឯកឧត្តម អេង រិទ្ធី ហាក់កាន់តែមានចិត្តរំភើប និង អន្ទះសាចង់ឃើញមុខកូនខ្លាំងឡើង ដោយលោកបានរៀបរាប់បង្ហាញទំហំក្ដីស្រឡាញ់ត្រៀមចាំទទួលកូនផងដែរ។
ក្នុងនោះ ឯកឧត្តម អេង រិទ្ធី បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «អរគុណសន្តិភាព ពិតជាដូចពាក្យចាស់ពោលមែន ការទន្ទឹងមួយថ្ងៃដូចមួយរយឆ្នាំ ពុក និង ម៉ែបន់ឱ្យតែយប់ហើយក៏បន់ឱ្យតែភ្លឺនឹងអាលបានឃើញមុខកូន។ តែទោះជាយ៉ាងនេះក្តី ពុកសូមប្រាប់កូនថាពុកមិនស្រឡាញ់កូនជាងភរិយាពុកទេ ដូច្នេះពេលកូនកើតមកកូនមានជម្រើសពីរ ៖
១/ បើកូនចង់បានក្តីស្រឡាញ់ពីពុក គឺកូនត្រូវទៅយកពីម្តាយកូនឱ្យបាន ព្រោះថាបេះដូងក្រហមឆ្អិនឆ្អៅដ៏បរិសុទ្ធរបស់ពុកត្រូវបានម្តាយកូនយកទៅចាក់សោរទុកក្នុងប្រអប់ទ្រូងរបស់គាត់បាត់ហើយ ។
២/ កូន និង ពុក គឺយើងរួមដៃគ្នាស្រឡាញ់ម៉ែកូនឱ្យច្រើនៗៗជាងកាលដែលមានពុកតែឯង។
កំ.សំ : លើសពីនេះ កូនក៏ត្រូវធ្វើជាប្អូនប្រុសដ៏ល្អម្នាក់របស់អ្នកបង Phirak Nochta ណាកូន! ថ្ងៃអាទិត្យ ១០/១២/២៣ ៣៥សប្តាហ៍ ៤ ថ្ងៃ»៕