ជ្រួលរឿងស្បថពេញហ្វេសប៊ុក ខ្មែរមួយជីវិត ទ្រាំមិនបាន បង្ហោះសារក្ដៅគគុកមួយផ្អើលអ្នកគាំទ្រ
ប្រធានបទដែលកំពុងក្ដៅគគុកខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ក្នុងអំឡុងពេល ២ ថ្ងៃចុងក្រោយនេះ គឺជារឿងរ៉ាវពាក់ព័ន្ធនឹងអ្នកលក់អនឡាញដ៏ល្បីប៉ុន្មានរូប នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើ ទាំងកណ្ដាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣ ដែលពេលនោះ ឃើញថាមានមនុស្សម្នាជាច្រើន បានសម្រុកទៅមើល និង បានថតរូប ថតវីដេអូ បង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។
ដោយរឿវរ៉ាវស្បថស្បែរបស់អ្នកលក់អនឡាញមួយនេះ នៅតែត្រូវបានគេចែកចាយបន្តគ្នាហូរហែ បង្កឱ្យមានការលើកឡើងពីមហាជនថា នោះជាការបំពុលសង្គម ឬបង្កការជ្រួលច្របល់ក្នុងសង្គមជាដើម។ ក្នុងនោះ ក៏មានសិល្បករ សិល្បការិនីជាច្រើន បានបង្ហោះសារចោទជាសំណួរ និង បញ្ចេញយោបល់ចំពោះរឿងរ៉ាវដែលបានកើតឡើងនេះផងដែរ។
ងាកមកតារាចម្រៀងរ៉េប ខ្មែរមួយជីវិត ដែលជាគ្រូបង្វឹកកម្មវិធីប្រកួតចម្រៀង The Rapper Cambodia ក៏បានបញ្ចេញយោបល់ឱ្យមហាជនបញ្ឈប់ការតាមដាន ឬចែករំលែករឿងនោះបន្តទៀត បើសិនជាយល់ថា នោះជាការបំពុលសង្គម ៖ «បើបងប្អូនយល់ថា ការឈ្លោះប្រកែកគ្នាក្នុងបណ្តាញសង្គមមានការំខាន ឬ បំពុលសង្គម ឈប់តាមដាន ឈប់ follow ឬ លុបចោលទៅចប់ហើយ… we only Human, we bark and we bite!!»៕