ប្រជាប្រិយភាពធ្លាក់ចុះ Angela Baby ត្រូវគេខ្សឹបខ្សៀវនិយាយដើមរឿងនេះភ្លែត
កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ រូបថត Angela Baby ផ្សព្វផ្សាយនៅទស្សនាវដ្តី Grazia Singapore ដោយរូបថតនេះមិនត្រូវបានអនុញ្ញាតឱ្យដាក់លក់នៅក្នុងទីផ្សារកម្សាន្តក្នុងប្រទេសចិននោះទេ។
យ៉ាងណាមិញ ក្រុមអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា រូបថតផ្សព្វផ្សាយលើទស្សនាវដ្តី Grazia Singapore របស់ Angela Baby ហាក់ដូចជាស្លេកស្លាំងខ្លាំង សូម្បីមុខដែលធ្លាប់ស្អាតពីមុន ក៏រៀងបាក់ ដោយសារតែនាងស្រកគីឡូច្រើន ហើយនេះក៏ជះផលអវិជ្ជមានខ្លាំងលើនាងផងដែរ។
ជាមួយគ្នានោះដែរ ក្រោយពីអ្នកគាំទ្រនៅលើអ៊ីនធឺណេតរបស់ Angela Baby បានឃើញពីស្ថានភាពបច្ចុប្បន្នរបស់នាង ដោយសារតែកន្លងមក នាងបានផុងខ្លួនក្នុងរឿងអាស្រូវលួចទៅទស្សនាកម្មវិធីសម្ដែងរាំសិចស៊ីរបស់ Lisa សមាជិក BLACKPINK នៅប្រទេសបារាំង ដែលខុសនឹងច្បាប់សិល្បៈក្នុងប្រទេសចិន ហាមឃាត់មិនឱ្យតារាសិល្បៈចិនទាំងអស់ទៅចូលរួមកម្មវិធីបំពានផ្លូវភេទ។
ជាហេតុធ្វើឱ្យអ្នកគាំទ្រទាំងអស់របស់ Angela Baby មានការសោកស្តាយចំពោះការបាត់បង់អាជីពសិល្បៈក្នុងប្រទេសចិនរបស់នាង ក្រោយពីគណនី Weibo ផ្លូវការត្រូវបានផ្អាកមិនឱ្យប្រើប្រាស់ជាង ៤០ ថ្ងៃមកហើយ ចាប់តាំងពីរឿងអាស្រូវផ្ទុះខ្លាំងយ៉ាងកក្រើក ហើយអាជីពរបស់នាងត្រូវបានជាប់គាំងទាំងស្រុងក្នុងប្រទេសចិន៕