ច្រៀងក៏ពីរោះ ពូកែទាំងសម្ដែង! សាយ ត្រូវផលិតករល្បីឈ្មោះ ឆាយ បូរ៉ា សរសើរមួយម៉ាត់យ៉ាងមានន័យ
មហាជនអ្នកគាំទ្រលោក សាយ ច្បាស់ជាបានដឹងហើយថា លោកមិនត្រឹមតែមានជំនាញផ្នែកចម្រៀងតែម្យ៉ាងទេ លោក សាយ ក៏អាចលេងឧបករណ៍ភ្លេងមួយចំនួន និង ជាតារាសម្តែងទៀតផង។
កន្លងមក តារាចម្រៀងប្រុសរូបនេះ ធ្លាប់បានចូលរួមសម្តែងខ្សែភាពយន្តជាច្រើនរួមមានរឿង «កោះពេជ្រ» រឿង «បាតដៃខ្មៅ» រឿង «ខ្យល់ខែកុម្ភៈ» រឿង «សិស្សច្បង» រឿង «កុំស្រែក» រឿង «ពន្លឺនៃក្តីស្រមៃ» និង រឿងខ្លីជាច្រើនទៀត។
ដោយឡែក នាពេលខាងមុខ លោក សាយ នឹងបង្ហាញវត្តមានក្នុងខ្សែភាពយន្តថ្មីរបស់លោក ដែលចាក់បញ្ចាំងនៅខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយរឿងនោះមានចំណងជើងថា «អ៊ំចន ម៉ែដោះ» ជាការដឹកនាំសម្តែងដោយលោក ឆាយ បូរ៉ា។
ស្របពេលរឿង «អ៊ំចន ម៉ែដោះ» ត្រៀមនឹងចាក់បញ្ចាំង ស្រាប់តែអ្នកដឹកនាំល្បីខាងលើលោក ឆាយ បូរ៉ា បានបង្ហោះសារសរសើរដល់លោក សាយ ដែលជាតារាប្រុសប៉ុនប្រសប់ផ្នែកសិល្បៈបានច្រើនជំនាញ។ ក្នុងនោះ លោក ឆាយ បូរ៉ា បានរៀបរាប់យ៉ាងខ្លីថា៖ «សាយ ជាសិល្បករពហុជំនាញ ទាំងច្រៀង ទាំងសម្តែង។ អស្ចារ្យណាស់ សាយ»៕