ក្តៅៗ! Minhwan និង Yulhee ប្រកាសលែងលះគ្នា ក្រោយរៀបការបាន ៥ ឆ្នាំ និងមានកូន ៣ នាក់
បើតាមការចុះផ្សាយរបស់ iMBC បានឱ្យដឹងថា ប្តី-ប្រពន្ធតារាកូរ៉េក្មេងជាងគេ Minhwan សមាជិក F.T. Island និង Yulhee សមាជិក LABOUM បានលែងលះគ្នា បន្ទាប់ពីរៀបការបាន ៥ ឆ្នាំ និង មានកូន ៣ នាក់ជាចំណងដៃ។
ដំណឹងមួយនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា Minhwan និង Yulhee សម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ប៉ុន្តែយ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ក៏បានចេញបកស្រាយហើយថា ពួកគេបានពិភាក្សាគ្នាអំពីការលែងលះវិញយូរមកហើយ មុននឹងសម្រេចចិត្តដើរដល់ផ្លូវបំបែក។
ជាមួយគ្នានោះដែរ Minhwan និង Yulhee ក៏បានបញ្ជាក់ទៀតថា ពួកគេនឹងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដើម្បីចិញ្ចឹមបីបាច់កូនទាំង ៣ នាក់របស់ពួកគេឱ្យបានល្អ។ ជៀសវាងការធ្វើឱ្យពួកគេប៉ះពាល់ដល់ផ្លូវចិត្ត ហើយកូនៗទាំង ៣ នាក់គឺរស់នៅជាមួយនឹងឪពុករបស់គេ ហើយម្ដាយរបស់គេអាចមកលេងបាន ដើម្បីឱ្យកូនមានភាពកក់ក្តៅ។
គួរបញ្ជាក់ផងដែរថា Minhwan និង Yulhee បានស្រឡាញ់គ្នានៅក្នុងឆ្នាំ ២០១៧ ហើយបានប្រកាសរៀបការជាមួយគ្នានៅក្នុងឆ្នាំ ២០១៨ ដោយសារតែ Yulhee មានផ្ទៃពោះ។ ព័ត៌មាននេះ បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែនៅពេលនោះ តារាស្រី Yulhee មានអាយុទើបតែ ២១ ឆ្នាំ ហើយ Minhwan មានអាយុ ២៦ឆ្នាំ ពួកគេត្រូវបានគេចាត់ទុកថាជាឪពុកម្ដាយក្នុងវិស័យកម្សាន្តកូរ៉េជាងគេ៕