កប់សារី! Nadech និង YaYa ថាមង្គលការខ្លួននឹងធ្វើឡើង ៣ ដង ហើយនៅប្រទេស ២ ផ្សេងគ្នា
បន្ទាប់ពីតារាសម្ដែងប្រុស Nadech បានសុំ YaYa រៀបការ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះនៅឯប្រទេសអ៊ីតាលីរួច តារាសម្ដែងប្រុសស្រីមួយគូនេះក៏ធ្លាប់បាននិយាយពីគម្រោងរៀបការខ្លះៗដែរ ហើយក៏បាននិយាយថាអាចនឹងធ្វើឡើងនៅក្នុងកំឡុងឆ្នាំ ២០២៥ ចំពោះធ្វើនៅកន្លែងណានោះ អ្នកទាំងពីរមិនបានបង្ហើបប្រាប់នោះទេ។
ជាមួយពេលវេលារៀបការនោះដែរ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅនេះ Nadech និង Ya Ya ត្រូវបានអ្នកសាព័ត៌មានបានសាកសួរ ដោយអ្នកទាំងពីរបានប្រាប់ថា ដំបូងមង្គលការនឹងធ្វើឡើងនៅឆ្នាំ ២០២៤ តែពេលនេះបានប្ដូរហើយ ដោយសារតែ Nadech និង YaYa មានការងារជាច្រើនទៀតត្រូវធ្វើ ជាពិសេសនោះគឺនៅមានរឿងដែលត្រូវថត ដូចនេះតាមការដេញវេលាយើងបានជ្រើសរើសយកពេលវេលាថ្មីនៅក្នុងឆ្នាំ ២០២៥ វិញ។
ដោយឡែក Nadech ក៏បាននិយាយបន្ថែមទៀតថា ៖ «ការរៀបចំកម្មវិធីអាចនឹងធ្វើចំនួន ៣ ដង នៅ ២ ប្រទេស ដោយដំបូងអាចនឹងធ្វើនៅស្រុកកំណើតរបស់ខ្លួននោះ គឺខេត្ត Khon Kaen បន្ទាប់គឺប្រទេសន័រវេស ហើយទីកន្លែងចុងក្រោយនោះគឺប្រទេសថៃ នេះបើតាមពួកយើងទាំងពីរគិត ក៏ដូចជាចង់បានផងដែរ»។ ចំណែកឯ Ya Ya នាងក៏បាននិយាយផងដែរថា ៖ «អ្នកកំដរខាងកូនក្រមុំ អាចមានចំនួនពី ៧ ទៅ ៨ នាក់ ហើយសម្រាប់ឈុតអ្នកកំដររូបនាងក៏បានជ្រើសររើសរួចហើយផងដែរ»៕