សេង មង្គល ទៅចូលរួមមង្គលការថៅកែពេជ្រ ទ្រី ដាណា ហើយជូនពរគូស្វាមី-ភរិយាថ្មីនេះយ៉ាងកក់ក្ដៅ
មង្គលការរបស់ថៅកែហាងពេជ្រដ៏ល្បី លោកស្រី ទ្រី ដាណា និង កូនកំលោះ រស់ រាជ្ជសាល បានប្រារព្ធឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ក្រោមវត្តមានចូលរួមសុទ្ធសឹងតែជាកំពូលតារាល្បីៗ បុគ្គលល្បីៗក្នុងវិស័យអនឡាញ និង ភ្ញៀវកិត្តិយសជាច្រើន ដែលជាអ្នកមានមុខមាត់ក្នុងសង្គម។
ងាកមកតារាសម្ដែងរូបសង្ហា លោក សេង មង្គល វិញ ក៏បានទៅចូលរួមពិធីមង្គលការដ៏អ៊ឹកធឹកមួយនេះដែរ ខណៈគេចាំបានថា តារាប្រុសរូបនេះ អាក់ខាកទៅចូលរួមពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ម្ដងរួចមកហើយ។
ទោះបីជាកន្លងមក ធ្លាប់មានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងថៅកែពេជ្រ ទ្រី ដាណា និង លោក សេង មង្គល ក៏ដោយ ប៉ុន្ដែនៅថ្ងៃមង្គលការរបស់ថៅកែពេជ្ររូបនេះ តារាសម្ដែង សេង មង្គល បានបង្ហាញវត្តមានចូលរួមប្រកបដោយស្នាមញញឹម ថែមទាំងបង្ហោះសារជូនពរគូស្វាមីភរិយាថ្មីយ៉ាងកក់ក្ដៅបំផុតថា ៖ «ថ្ងៃនេះចូលរួមពិធីមង្គលជ័យរបស់ចែ សូមជូនពរចែ និងស្វាមី ជួបតែសេចក្តីសុខ សុខសុភមង្គល និង ស្រឡាញ់គ្នាដល់ចាស់កោងខ្នង»៕