ស្អែកប្រកួតផ្ដាច់ព្រ័ត្រ! បវរកញ្ញាភេទទី ៣ ដាវីកា ត្រូវអ្នកគាំទ្ររំពឹងថានឹងបានចូល Top
កម្មវិធី Miss Fabulous International 2023 នៅឯប្រទេសថៃ បានចាប់ផ្តើមដំណើរការប្រកួតហើយ គិតមកដល់ពេលនេះរយៈពេល ៧ ថ្ងៃហើយ ដែលកញ្ញា ដាវីកា បាននឹងកំពុងតែស្ថិតនៅក្នុងដំណើរការនៃការប្រកួតផងដែរ។
ខណៈការប្រកួតផ្តាច់ព្រ័ត្រខិតនឹងជិតមកដល់នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ បវរកញ្ញា ដាវីកា កំពុងតែត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពរបស់នាង ដែលបវរកញ្ញារូបនេះពោរពេញទៅដោយភាពជឿជាក់ ស្វាហាប់ខ្លាំង មានទំនាក់ទំនងក្នុងដំណើរការនៃការប្រកួត រួមទាំងការប្រើប្រាស់ភាសាផ្សេងៗបានយ៉ាងល្អ។
ជាពិសេសថ្មីៗនេះ គេសង្កេតឃើញគណនីផេកល្បីៗដែលគាំទ្រវិស័យបវរកញ្ញា រួមទាំងមហាជនអ្នកគាំទ្រជាច្រើន បានផ្ទុះការសរសើរ និងបានដាក់ការទស្សន៍ទាយដល់បវរកញ្ញាភេទទី ៣ របស់កម្ពុជារូបនេះ ថានឹងអាចបានចូលដល់ Top កំពូលណាមួយជាក់ជាមិនខាន ក្នុងនោះក៏មានការជូនពរផ្តល់កម្លាំងចិត្តដល់កញ្ញាយ៉ាងព្រោងព្រាត ដោយគេរំពឹងថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ៕