ផ្អែមល្ហែមណាស់! Nonkul ប្រាប់ថាបានធ្លាក់ចូលក្នុងពិភពលោករបស់ Aff ហើយ ក្រោយធ្វើទង្វើទាំងនេះជាមួយគ្នាញឹកញាប់
ចាប់តាំងពីថ្ងៃដែលបង្ហើបទំនាក់ទំនងត្រង់ៗថាកំពុងតែមើលចិត្តគ្នាមក គេសង្កេតឃើញ Nonkul និង Aff Taksaorn ហាក់មិនលាក់បាំងភ្នែកមហាជនទៀតឡើយ ពោលគឺបង្ហោះរូបភាពក្បែរគ្នាជារឿយៗ ធ្វើឱ្យមហាជនឃើញហើយលួចញញឹម និង មានក្តីសុខជំនួស។ លើសពីនេះតារាសម្ដែងប្រុស Nonkul តែងតែមានវត្តមានក្នុងកម្មវិធីជួបជុំជាមួយមិត្តភក្តិរបស់តារាសម្ដែងស្រី Aff ជានិច្ចជាកាលផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ កន្លងនេះ Nonkul បានចូលកម្មវិធី Event មួយ ដោយតារាសម្ដែងប្រុសរូបនេះបាននិយាយពីអារម្មណ៍នៅពេលទៅជួបជាមួយមិត្តភក្តិរបស់ Aff ថាខ្លួនមិនបានអៀនអីនោះទេ រាល់ពេលមិត្តភក្តិគាត់បបួលណាត់ជួបគ្នាយល់ថាជារឿងដ៏រំភើបមួយ។
ទន្ទឹមនឹងរឿងអ្នកកំលោះសង្ហារ Nonkul បានជួបនឹងមិត្តភក្តិរបស់ Aff ហើយនោះ អ្នកកំលោះសង្ហា Nonkul រូបនេះក៏បាននិយាយថា ៖ «បានសុំពេលវេលាការងារនៅចុងឆ្នាំនេះហើយផងដែរ ដើម្បីនាំគាត់ទៅជួបជាមួយនឹងមិត្តភក្តិរបស់ខ្លួន ព្រោះខ្លួនបានចូលទៅក្នុងពិភពលោករបស់គាត់ហើយ ក៏សង្ឃឹមថាគាត់ព្រមបើកចិត្តចូលក្នុងពិភពលោករបស់ខ្លួនវិញដែរ»៕