អ្នកគាំទ្រស្លុតចិត្ត! Woohyun សមាជិក INFINITE កើតជំងឺមហារីក ប្រើពេលវះកាត់ជាង ១០ ម៉ោង
បើតាមការដកស្រង់ចេញពីបទសម្ភាសរវាងតារាចម្រៀងប្រុស Nam Woohyun សមាជិក INFINITE និង សារព័ត៌មានក្នុងប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ នៅឯហាងកាហ្វេមួយកន្លែងក្នុងទីក្រុងសេអ៊ូល។
ក្នុងបទសម្ភាសនោះដែរ តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះ បានបង្ហើបថា លោកទើបតែបានទទួលការវះកាត់កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ បន្ទាប់ពីលោកបានកើតជំងឺមហារីកប្រភេទកម្រ ដែលកើតលើមនុស្សមួយនាក់ ក្នុងចំណោម ១ លាននាក់ប៉ុណ្ណោះ។
ដំណឹងដ៏តក់ស្លុតនេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រ Nam Woohyun មានការព្រួយបារម្ភជាខ្លាំង ក្រោយពីបានដឹងថា លោកបានវះកាត់ជំងឺមហារីកក្រពះពោះវៀន ដោយការវះកាត់ប្រើពេលជាង ១០ម៉ោង ដើម្បីវះកាត់ជំងឺមហារីកប្រភេទដ៏កម្រនេះ បន្ទាប់ពីវះកាត់រួច Woohyun មិនអាចញ៉ាំអាហារ ២ ទៅ ៣ សប្ដាហ៍ អាចផឹកបានត្រឹមតែទឹកប៉ុណ្ណោះ។
ទោះជាយ៉ាងណា បច្ចុប្បន្នសុខភាពរបស់ Woohyun បានត្រឡប់មកមានសុខភាពល្អប្រសើរវិញហើយ ប៉ុន្តែលោកត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យរៀងរាល់ ១០ ខែម្តង៕