សរសើរទឹកចិត្តជាបងស្រី! រ៉េត សារីតា ដឹកដៃ សំណាង អេលីណា ហោះទៅម៉ាឡេស៊ី គាំទ្រប្អូនស្រីក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ
នៅល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss CosmoWorld 2023 ដោយកម្មវិធីដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី បានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះ កញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 ដែលតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនេះ។
យ៉ាងណាមិញ មុននឹងបោះជំហានទៅកាន់ឆាកអន្តរជាតិ រ៉េត ស្រីនាថ ក៏បានត្រៀមខ្លួនរួចជាស្រេច និង ធ្វើការហ្វឹកហាត់យ៉ាងសកម្មភាព ពោរពេញដោយភាពជឿជាក់ ក្លាហានមោះមុតក្នុងការតំណាងឱ្យកម្ពុជា និង ពេញដោយក្ដីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ដោយឡែក កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ រ៉េត ស្រីនាថ ក៏បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និង មានវត្តមានបងប្អូន សាច់ញាតិ និង បវរកញ្ញារៀមច្បងក៏បានធ្វើការជូនដំណើរ និង ជូនពរដល់នាងផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ មកដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មហាជនក៏បានឃើញបងស្រីសំណព្វចិត្តរបស់នាង គឺ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ក៏បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ប្អូនស្រីថែមទៀតផង។
ជាងនេះទៅទៀត គេក៏ឃើញវត្តមានរបស់កញ្ញា សំណាង អេលីណា Miss International Cambodia 2023 ក៏បានធ្វើដំណើររួមជាមួយនឹងកញ្ញា រ៉េត សារីតា ទៅគាំទ្រកញ្ញា រ៉េត ស្រីនាថ ដែរ៕