តុលាការច្រាលចោលបណ្តឹងឧទ្ធរណ៍ សុំបន្ថយទោសរបស់ Kris Wu ពាក់ព័ន្ធនឹងករណីបំពានផ្លូ-វ-ភេ-.ទ
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លទ្ធផលនៃការជំនុំជម្រះបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងករណីបំពានផ្លូវភេទរបស់អតីតតារាសម្ដែងប្រុស Kris Wu បានឱ្យដឹងថា តុលាការក្រុងប៉េកាំង បានប្រកាសលទ្ធផលនៃបណ្តឹងសាទុក្ខលើសំណុំរឿងរបស់ Kris។
ដោយក្នុងនោះ តុលាការបានច្រាលចោលបណ្តឹងឧទ្ធរណ៍របស់អតីតតារាសម្ដែងប្រុសរូបនេះ ដើម្បីបន្ថយទោសដែលលោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ បន្ទាប់ពីដល់ពេលកំណត់ចេញពីពន្ធនាគារ Kris Wu នឹងត្រូវបណ្តេញចេញពីប្រទេសចិន។
បច្ចុប្បន្ននេះ ព័ត៌មានកំពុងកក្រើកថ្មីទាក់ទងនឹង Kris Wu ដោយប្រធានបទបានបង្ហោះនៅលើបណ្តាញសង្គម Weibo ដោយសរសេរថា ៖ «ការជាប់ទោសរបស់ Kris Wu មិនត្រូវបានកាត់បន្ថយនោះទេ។ Kris បានប្រមូលផ្តុំរូបភាព និង អាកប្បកិរិយាមិនល្អជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំង»។
ដូចដែលធ្លាប់បានចុះផ្សាយពីមុនមកហើយ អតីតតារាសម្តែងប្រុសរូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីអតីតមិត្តស្រីរបស់លោក គឺ Du Meizhu បានប្តឹងចោទប្រកាន់ពីបទបំពានផ្លូវភេទ។
លើសពីនេះ Du Meizhu ក៏បាននិយាយថា Kris បានទាញប្រយោជន៍ពីភាពល្បីល្បាញល្បួនក្មេងស្រីជាច្រើនឱ្យគេងជាមួយគេ រួមទាំងអនីតិជនក្រោមអាយុ ១៨ ឆ្នាំផងដែរ។ ហើយលទ្ធផលស៊ើបអង្កេតរបស់ប៉ូលិសបានកំណត់បានថា Kris បានប្រព្រឹត្តខុសជាមួយក្មេងស្រី ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ ២០២០ ដោយបាននាំក្មេងស្រី ៣ នាក់ទៅគេងផ្ទះរបស់លោក ដោយជនរងគ្រោះទាំងអស់មានសភាពស្រវឹង៕