ទោះឈឺក៏មិនឈប់ ដើម្បីកម្ពុជា ឌី សៅ នៅតែបង្ហាត់គុនល្បុក្កតោដល់អ្នករស់នៅបរទេស
លោក ឌី សៅ ត្រូវបានគេស្គាល់ថាជាគ្រូគុនល្បុក្កតោដែលកំពុងបង្ហាត់គុនរស់នៅសហរដ្ឋអាមេរិក។ លើសពីអាជីពជាគ្រូបង្ហាត់គុន លោកក៏មានអាជីពជាតួសម្តែងជំនួស ឬហៅថា Stunt Man ហើយលោកក៏ជាតួសម្តែងផ្ទាល់នៅក្នុងកុនហូលីវូដផងដែរ។ តួអង្គដែលលោកសម្តែងភាគច្រើនជាតួជំនាញខាងគុន ឈុតឆាកគ្រោះថ្នាក់ វាយតប់ និងប្រយុទ្ធជាដើម។
ជាគ្រូបង្ហាត់គុន និង ស្នេហាគុនល្បុក្កតោខ្មែរ ជារឿយៗ លោក ឌី សៅ តែងចំណាយពេលបង្ហាត់គុនដល់កូនខ្មែររស់នៅអាមេរិក និង ជនជាតិបរទេសដែលចាប់អារម្មណ៍ទៅលើជំនាញគុននេះ។ យ៉ាងណាមិញ កាលពីខែតុលាកន្លងទៅ ដោយសារមានបញ្ហាជើង លោកបានធ្វើការវះកាត់ និង សម្រាកការហ្វឹកហាត់អស់មួយរយៈ។ ក្រោយសម្រាកព្យាបាលបានប៉ុន្មានសប្តាហ៍ លោកបានត្រលប់មកហ្វឹកហាត់ និងបង្ហាត់សិស្សវិញ។ ថ្វីដ្បិតទើបធូរស្រាលមិនទាន់ស្រួលបួលទាំងស្រុងក្តី តែគ្រូគុនម្នាក់នេះនៅតែមានការព្យាយាមជានិច្ច។ លោកបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «៣-៥ សប្តាហ៍បន្ទាប់ពីការវះកាត់។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគ្រួសារ និង ប្រទេសជាតិយើង»។
លោក ឌី សៅ ក៏ធ្លាប់បង្ហោះជាសារទៅកាន់ប្រជាជនកម្ពុជាដែរថា ៖ « ៣៧ ឆ្នាំ នៃការបណ្តុះបណ្តាលសិល្បៈក្បាច់គុន។ នៅពេលដែលខ្ញុំជាសះស្បើយ ខ្ញុំនៅតែជឿថា ខ្ញុំអាចនាំប្រទេសកម្ពុជាមកលេខ ១ សូមអរគុណ»។
គួរឱ្យដឹងដែរថា ជាមួយទេពកោសល្យគួបផ្សំនឹងបទពិសោធផ្នែកក្បាច់គុនរាប់ទសវត្សរ៍ លោក ឌី សៅ ក៏បានក្លាយជាគ្រូបង្វឹកឯកទេសក្បាច់គុនដល់តួអង្គសម្តែងសំខាន់ៗនៅក្នុងរឿងហូលីវូដផងដែរ៕