Aff និយាយទាំងញញឹម កំពុងសិក្សាមើលចិត្តគ្នាជាមួយ Nonkul មែន ថែមទាំងប្រាប់រឿងដ៏រសើបមួយ
កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកកំលោះ NonKul បានចេញមុខទម្លាយការពិតគ្រប់យ៉ាងឱ្យមហាជនអស់សង្ស័យហើយពីទំនាក់ទំនងរបស់លោក និង តារាស្រី Aff Taksaorn ថា អ្នកទាំងពីរកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងសិក្សាមើលចិត្តថ្លើមគ្នា។
ក្នុងនោះអ្នកកំលោះ NonKul បានបញ្ជាក់ច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា លោកពិតជាបានតាមញ៉ែតារាស្រី Aff Taksaorn មែន ហើយអ្នកទាំងពីរក៏កំពុងតែសិក្សាមើលចិត្តគ្នាផងដែរ ថ្វីដ្បិតតែពេលនេះមិនទាន់មានឈ្មោះជាសង្សារនឹងគ្នាជាផ្លូវការក៏ដោយ។
យ៉ាងណាមិញ ទន្ទឹមនឹងទំនាក់ទំនងត្រូវបានបើកចំហ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Aff បានចេញមុខទម្លាយនៅចំពោះមុខអ្នកកាសែតម្តងហើយថា នាង និង Nonkul ពិតជាកំពុងតែសិក្សាមើលចិត្តគ្នាមែន ដែលគិតតាំងពីថ្ងៃស្គាល់មកទល់ពេលនេះជាង ១ ឆ្នាំហើយ។
មួយវិញទៀត បើទោះបីជាកំពុងតែសិក្សាចិត្តគ្នាក៏ដោយ តែមិនទាន់មានឈ្មោះជាសង្សារឡើយ ហើយបើមានឈ្មោះជាសង្សារពេលណា ពេលនោះហើយដែលនាង និង Nonkul បានត្រៀមគ្រប់យ៉ាងរួចរាល់ដើម្បីទំនាក់ទំនងមួយនេះ៕