ក្តៅគគុក! Seunghan សមាជិក RIIZE ត្រូវបានផ្អាកការងារចោល ព្រោះមានរឿងអាស្រូវមិនឈប់
គិតមកដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ រយៈពេល ២ ខែមកហើយ ដែលក្រុមចម្រៀងបុរស RIIZE ក្រោមការគ្រប់គ្រងរបស់ SM Entertainment បានបង្ហាញវត្តមានចូលប្រឡូកក្នុងសិល្បៈយ៉ាងពេញលេញ។
តែបន្ទាប់ពីបង្ហាញខ្លួនដំបូង ក៏មានតារាចម្រៀងប្រុស Seunghan សមាជិក RIIZE ត្រូវបានលេចចេញនូវរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងរូបថតឱបថើបមិត្តស្រីនៅក្នុងសណ្ឋាគារ និង រូបថតជក់បារីតាមទីសាធារណៈ ថែមទាំងមានរឿងចម្រូងចម្រាសលួចនិយាយពី Eunchae សមាជិក LE SSERAFIM នៅពីក្រោយខ្នងផងដែរ។
ចាប់តាំងពីមានរឿងអាស្រូវមិនឈប់ទាក់ទងនឹងតារាប្រុសរូបនេះ ទស្សនិកជនភាគច្រើនបានដាក់ឈ្មោះថ្មីឱ្យលោកថា «តារាជំនាន់ថ្មីដែលមានរឿងអាស្រូវច្រើនបំផុតក្នុងវិស័យK-Pop» ហើយក៏មានមតិមួយចំនួនស្នើសុំឱ្យដក Seunghan ចេញពីក្រុម RIIZE ដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ SM Entertainment ក៏បានប្រកាសផ្លូវការថា Seunghan នឹងផ្អាកសកម្មភាពទាំងអស់ដោយគ្មានការកំណត់ ហើយក្រុម RIIZE នៅតែបន្តផ្សព្វផ្សាយជាមួយនឹងក្រុមសមាជិក ៦ នាក់ប៉ុណ្ណោះ។
ជាមួយគ្នានោះ ខាងក្រុមហ៊ុនក៏បានចេញសុំទោសដល់សាធារណជន ដោយទទួលស្គាល់ការធ្វេសប្រហែសគ្រប់គ្រងតារាសិល្បៈមិនបានល្អមុនពេលបង្ហាញខ្លួនដំបូង។ ទោះជាយ៉ាងណា ក្រោយពីដំណឹងនេះបានប្រកាសជាសាធារណៈក៏មានមហាជនភាគច្រើនបានយល់ស្រប ដោយសារតែរឿងអាស្រូវរបស់ Seunghan បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុម RIIZE៕