ទូច ស្រីល័ក្ខ ថតស្និទ្ធជាមួយបុរសវ័យក្មេងរូបសង្ហា ជីវ័ន្ត រួចនិយាយប្លែកៗដូចកំពុងមើលចិត្តគ្នា
ច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង ទូច ស្រីល័ក្ខ ស្ពាយឈ្មោះជា Single Mom បន្ទាប់ពីប្រកាសលែងលះជាមួយអតីតស្វាមីជាជនជាតិបរទេស ដោយកាលនោះ នាងទទួលបានសិទ្ធិចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស។
ក្រោយត្រឡប់មកប្រើជីវិតនៅលីវម្ដងទៀត កន្លងមក ទូច ស្រីល័ក្ខ ក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងរឿងស្នេហាថ្មីដែរ ប៉ុន្ដែមួយរយៈក្រោយនេះ នាងហាក់ស្ងប់ស្ងាត់មិនសូវបញ្ចេញសកម្មភាពឯកជនពាក់ព័ន្ធរឿងស្នេហាឱ្យមហាជនបានដឹងឡើយ។
ដោយឡែកស្រាប់តែថ្មីៗនេះ ទូច ស្រីល័ក្ខ ធ្វើឱ្យមហាជនបើកភ្នែកធំៗ បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះរូបថតជិតដិតជាមួយអ្នកកំលោះរូបសង្ហាម្នាក់ ដែលគេស្គាល់ថាជាអ្នកសិល្បៈដូចគ្នាឈ្មោះថា ជីវ័ន្ត ហើយថែមទាំងប្រើពាក្យសម្ដីរៀបរាប់ប្លែកៗបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ពេលគាត់ឱ្យតម្លៃនៃការស្រឡាញ់របស់គាត់មកកាន់យើង និង ភាពក្លាហានរបស់គាត់បានបង្ហាញឱ្យមនុស្សគ្រប់គ្នាមើលឃើញដោយមិនបានខ្វល់ពីពាក្យសម្ដីអ្នកដទៃ អ្វីដែលគាត់បានធ្វើ មិននិយាយច្រើន តែអនុវត្តច្រើនជាងនិយាយ ដោយច្បាស់លាស់ជាគាត់»។
តាមរយៈរូបភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ ព្រមជាមួយ Caption របស់អ្នកម៉ាក់អភិជនរូបនេះផងនោះ ធ្វើឱ្យមហាជនជាច្រើនយល់ថាអ្នកទាំងពីរគឺជាគូស្នេហ៍ ហើយអ្នកគាំទ្រក៏រំពឹងថានឹងទទួលបានដំណឹងល្អឆាប់ៗទៀតផង៕