ដឹងតែល្អមើលទៀតហើយ! ឈិន ឡុង នឹងត្រឡប់មកសម្ដែងជាតួអង្គ Mr. Han ក្នុងរឿង «Karate Kid» ថ្មី
តារាសម្ដែង Jackie Chan (ឈិន ឡុង) និង Ralph Macchio ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ក្រោយតារាទាំង ២ រូបនេះ បានចេញមុខប្រកាសថា ពួកគេ នឹងវិលត្រឡប់មកសម្ដែងជាតួអង្គដដែល ប្រចាំខ្សែភាពយន្ត Karate Kid ថ្មី។
តាមសេចក្ដីប្រកាសក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្កម Youtube តារាប្រុស ឈិន ឡុង និង លោក Macchio បាននិយាយថា ពួកគេបានប្រកាសស្វែងរកតួអង្គជាសកល សម្រាប់មកចូលរួមសម្ដែងក្នុងខ្សែភាពយន្តថ្មីនេះ ដោយអញ្ជើញតារាៗវ័យក្មេងដែលមានសមត្ថភាព អាចដាក់ពាក្យបានតាមរយៈវិបសាយ KarateKidCasting.com។
គួរបញ្ជាក់ដែរថា សម្រាប់ខ្សែភាពយន្តថ្មីនេះ លោក Macchio នឹងត្រឡប់មកសម្ដែងជាតួអង្គ Daniel LaRusso ខណៈលោក ឈិន ឡុង ត្រឡប់មកជាលោកគ្រូ Han (Mr. Han) ដែលជាគ្រូជំនាញក្បាច់គុនកុងហ្វូ បង្ហាត់បង្រៀនដល់តួឯកប្រុស Dre Parker ដែលសម្ដែងដោយតារាប្រុស Jaden Smith។
ខ្សែភាពយន្តថ្មីរបស់ក្រុមហ៊ុន Sony Pictures នេះដែរ គ្រោងនឹងចាក់បញ្ចាំងជាផ្លូវការតាមរោងភាពយន្តនានា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ៕