ក្តៅៗ! លទ្ធផលតេស្តរកសារធាតុញៀនរបស់ G-Dragon ទាំងអស់ បានប្រកាសផ្លូវការហើយ
គិតមកដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ អស់រយៈពេលជិតមួយខែមកហើយ សម្រាប់ការធ្វើការវិភាគតេស្តរកសារធាតុញៀនលើតារារ៉េប G-Dragon មេក្រុម BIGBANG ដែលបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទទួលបានការចាប់អារម្មណ៍ជាពិសេសពីសំណាក់សាធារណជន។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន News1 នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃនាយកដ្ឋានប៉ូលីស Incheon បាននិយាយថា លទ្ធផលធ្វើតេស្តរកសារធាតុញៀនលើក្រចកដៃ និង ក្រចកជើងរបស់មេក្រុម BIGBANG រូបនេះ បានបង្ហាញលទ្ធផលហើយគឺ «អវិជ្ជមាន» ដែលទទួលបានពីទីភ្នាក់ងារអនុវត្តច្បាប់។
ដូច្នេះមានន័យថា G-Dragon ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ទាំងថ្ងៃដែលលោកបានបង្ហាញខ្លួនធ្វើតេស្តនៅប៉ុស្តិ៍ប៉ូលិសក្រុងសេអ៊ូល កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕