Dilraba ទម្លាយទាំងភ័យខ្លាច ក្លាយជាតារាស្រីល្បីលំដាប់ A មិនអាចធ្វើអ្វីបានតាមចិត្ត
តារាសម្ដែងស្រី Dilraba Dilmurat ជាតារាស្រីចិនដ៏ល្បីមួយរូប ឈរនៅលំដាប់ A ក្នុងចំណោមតារាស្រីចិនល្បីៗជាច្រើននាពេលបច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ នាងក៏បានមានវត្តមានចូលរួមក្នុងកម្មវិធីកម្សាន្តមួយ ដោយក្នុងនោះដែរតារាស្រីរូបនេះបានចែករំលែកបទពិសោធប៉ះទង្គិចផ្លូវចិត្តមួយចំនួន ប៉ុន្តែនៅតែតស៊ូអត់ធ្មត់បន្តអាជីពសិល្បៈរបស់នាង ធ្វើឱ្យអ្នកគាំទ្របានទស្សនាហើយ កើតចិត្តអាណិតដល់នាងជាពន់ពេក។
ក្នុងនោះដែរ តារាស្រី Dilraba បាននិយាយក្នុងបទសម្ភាសថា នាងធ្លាប់ធ្លាក់ក្នុងមតិរិះគន់វែកញែករបស់មហាជន ដោយនាងតែងខ្វល់ខ្វាយច្រើនជាមួយនឹងការបញ្ចេញមតិជាសាធារណៈ។ ហេតុដូចនេះ ទើបបានជាតារាស្រីរូបនេះមានការភ័យខ្លាចជាខ្លាំងក្នុងការប្រើពាក្យសម្តីនិយាយចេញទៅខាងក្រៅ មិនដឹងថាខុស ឬ ត្រូវ។
ការព្រួយបារម្ភនេះ ធ្វើឱ្យនាងមានសម្ពាធជាខ្លាំង រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈ ហើយនាងបាននិយាយថាបន្ថែមថា ៖ «ខ្ញុំជាមនុស្សដែលយកចិត្តគេដាក់ចិត្តខ្លួនឯង លើសពីខ្លួនខ្ញុំ ខ្ញុំតែងតែខ្វល់ខ្លាចនិយាយថាប៉ះពាល់ដល់អ្នកណាម្នាក់។ នៅចំពោះមុខមនុស្សជាច្រើន ខ្ញុំអត់ហ៊ានធ្វើតាមអំពើចិត្តនោះទេ ខ្ញុំតែងតែប្រុងប្រយ័ត្នគ្រប់រឿង នេះអាចមើលទៅល្អគ្រប់ដប់ តែពិតជាហត់នឿយណាស់»។
លើសពីនេះ Dilraba បាននិយាយទៀតថា ៖ «ខ្ញុំអាចក្លាយជាខ្លួនឯងបានតែពេលខ្ញុំនៅម្នាក់ឯងប៉ុណ្ណោះ ដោយសារតែនៅពេលនោះ ខ្ញុំមិនបាច់ខ្វល់ពីរូបរាងស្អាត ខ្វល់ពីអារម្មណ៍អ្នកដទៃ និង ការមើលងាយពីអ្នកណាម្នាក់ឡើយ»៕