
តារាកំប្លែង ស្រីអ៊ីត បកស្រាយជំនួសក្មួយប្រុស ក្រោយល្បីថា នាយ ចឺម ត្រូវរូវនឹងសង្សារចាស់វិញ
បើនិយាយជុំវិញរឿងរ៉ាវចំណងស្នេហ៍ចាស់រវាងតារាចម្រៀង នាយចឺម និង អ្នកមេម៉ាយរូបស្រស់ សេង សុឃីម គិតមកដល់ពេលនេះ អ្នកទាំងពីរបានចែកផ្លូវគ្នាជាង ១ ឆ្នាំហើយ ដែលអតីតគូស្នេហ៍មួយគូនេះបានប្រកាសជាសាធារណៈថាចំណងស្នេហ៍របស់អ្នកទាំងពីរបានដើរដល់ផ្លូវបំបែកកាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ។
ដោយឡែក ថ្មីៗកន្លងទៅនេះ រឿងរ៉ាវស្នេហាចាស់របស់តារាចម្រៀង នាយ ចឺម និង អ្នកមេម៉ាយរូបស្រស់ខាងលើ ក៏ត្រូវបានមហាជនផ្ទុះចាប់អារម្មណ៍ចែករំលែកវែកញែកជាថ្មី ព្រមទាំងមានអ្នកខ្លះគិតថាអ្នកទាំងពីរត្រូវរូវគ្នាវិញ ក្រោយពីបានឃើញវីដេអូមួយបង្ហោះដោយអ្នកនាង សេង សុឃីម ដែលជាវីដេអូសកម្មភាពរវាងនាង និង នាយចឺម ច្រៀងខារ៉ាអូខេឆ្លើយឆ្លងយ៉ាងផ្អែមល្ហែមជាមួយគ្នា។
យ៉ាងណាមិញ ក្រោយពីបានឃើញមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមផ្ទុះចែករំលែកវីដេអូ ព្រមទាំងបញ្ចេញមតិព្រោងព្រាតទាក់ទងនឹងរឿងរ៉ាវស្នេហាចាស់របស់អតីតគូស្នេហ៍មួយគូនេះជាថ្មី ក៏បានឃើញអ្នកនាង ស្រីអ៊ីត ដែលត្រូវជាមីងរបស់ នាយចឺម បានធ្វើការបង្ហោះសារចេញបកស្រាយជុំវិញរឿងរ៉ាវខាងលើយ៉ាងច្បាស់ៗ ដើម្បីកុំឱ្យមហាជនអ្នកគាំទ្រយល់ច្រឡំលើក្មួយប្រុសរបស់អ្នកនាង ដោយបានឱ្យដឹងថាវីដេអូនេះគ្រាន់តែជាវីដេអូចាស់ប៉ុណ្ណោះ។ លើសពីនេះ គេក៏បានឃើញគណនីហ្វេសប៊ុករបស់ នាយចឺម បានធ្វើការចែករំលែកបន្តពីការបង្ហោះរបស់ម្ដាយមីង រូបនេះផងដែរ។
ក្នុងនោះ ស្រីអ៊ីត បានរៀបរាប់ថា ៖ «ថ្ងៃនេះ ខ្ញុំសុំនិយាយបន្ដិច ហើយក៏សុំទោសទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាព ឬវីដេអូអតីកាល យកមកផុសធ្វើឱ្យបងប្អូនយល់ច្រឡំ ចឹងបងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកដៀលជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ (សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ)»៕