មិនជឿកុំប្រមាថ! មីណា បង្ហើបរឿងធ្លោយមាត់និយាយពាក្យមួយ មុនពេលជួបហេតុការណ៍ធ្លាក់ពីលើឆាក
ថ្មីៗកន្លងទៅនេះ ខណៈចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរសាទរពិធីបុណ្យអុំទូកនៅឯខេត្តស្វាយរៀង ស្រីស្អាត មីណា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និង បង្ហាញក្ដីអាណិតនាងជាខ្លាំង ពេលឃើញនាងច្រៀងដើរលើឆាកសុខៗ ក៏ជួបឧប្បត្តិហេតុធ្លាក់ចូលប្រឡោះឆាកមួយជំហរខ្លួនយ៉ាងតំណំ។
វីដេអូដែល មីណា ច្រៀងដើរធ្លាក់ពីលើឆាកទាំងមិនដឹងខ្លួននេះដែរ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនបង្ហោះចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងក្ដីអាណិត និង បារម្ភពីរូបនាងផងដែរ។
យ៉ាងណាមិញ ក្រឡេកទៅមើលបណ្ដាញសង្គមរបស់ស្រីស្អាត មីណា បន្ទាប់ពីឡើងច្រៀងជួបឧប្បត្តិហេតុបែបនេះដែរ ក៏បានឃើញនាងបង្ហោះសារលើ Story អ៊ីនស្ដាក្រាមរបស់ខ្លួននិយាយបកស្រាយ និង សុំទោសដល់មហាជន ដែលនាងធ្វើមិនបានល្អលើឆាកតន្រ្តីមួយនេះ ក៏ព្រោះតែនាងធ្លោយមាត់ដោយអចេតនានិយាយទាក់ទងនឹងពាក្យ «ស្លាប់»។
ក្នុងនោះ ស្រីស្អាត មីណា បានរៀបរាប់ថា ៖ «ខ្ញុំបាននិយាយខុសមាត់បន្តិចដោយអចេតនា ដោយមិនដឹងខ្លួនថាកំពុងធ្លោយច្រឡំមាត់និយាយពាក្យអ្វី។ ពាក្យ “ស្លាប់” ជាពាក្យដែលខ្ញុំមិនងាយនិយាយ សុំទោសដែលធ្វើមិនបានល្អ»៕